រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ «វិនិយោគិនឥណ្ឌូនេស៊ី អាចនឹងវិនិយោគលើការបង្កើតរោងម៉ាស៊ីនកិនស្រូវ និងកែច្នៃដំឡូងមី ស្វាយ រួមទាំងផ្លែឈើផ្សេងៗទៀតនៅកម្ពុជា»
សេដ្ឋកិច្ច March 23, 2023 Khmernote

ឯកឧត្តម ប៉ាន សូរស័ក្ក រដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិនិយោគិនឥណ្ឌូនស៊ី អាចវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃអំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ។

ឯកឧត្តមបានលើកឡើងនៅក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឯកឧត្តម Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី និងសហការី ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគី រវាងកម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ក្នុងជំនួបនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ អំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា ជាពិសេស អង្ករកម្ពុជាដែលទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន ៥ដង ហើយការទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកចុងក្រោយគឺនៅឆ្នាំ២០២២ នៅប្រទេសថៃឡង់ដ៏។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនស៊ីភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឲ្យបានឆាប់ៗ ដើម្បីសម្រួលដល់លំហូរវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ៕

អត្ថបទ៖ លីនី