មកស្គាល់ពូជស្រូវបុរាណមួយប្រភេទ បច្ចុប្បន្នកំពុងមានទីផ្សារល្អ និងផ្គត់ផ្គង់ឱ្យក្រុមហ៊ុនធំៗក្នុងស្រុកចំនួន ៣
សេដ្ឋកិច្ច March 23, 2023 Khmernote

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីឈ្មោះម្នាក់នៅកម្ពុជា បានលើកឡើងថា ពូជស្រូវ «នាងអំ» ដែលជាពូជស្រូវប្រណិត កំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣​។

ជាមួយគ្នានេះដែរ យោងតាមសម្តីលោកស្រី ឈឺន សុភាសី ម្ចាស់ហាងអង្ករស្រីមុំ៩៩ (Srey Mom99) ដែលកំពុងដាំដុះផ្ទាល់លើផ្ទៃដីជាង ២០០ហិកតា បានឱ្យដឹងថា ពូជស្រូវនេះអាចធ្វើបានតែម្តងគត់ក្នុងមួយឆ្នាំនៅរដូវវស្សា ហើយប្រមូលផលនៅចន្លោះពាក់កណ្តាលខែវិច្ឆិកា។

គួរបញ្ជាក់ផងដែរថា ស្រូវ «នាងអំ» ជាពូជបុរាណដែលទំនងកើតពីមួរដែលដុះក្រោយពីប្រមូលផលស្រូវចម្ការរួច បានប្រមូលទុកពូជដោយ លោកយាយម្នាក់ឈ្មោះ អំ នៅកំឡុងទសវត្សទី៨០ ក្នុងខេត្តក្រចេះ។ អង្ករនាងអំ មានខ្លិនក្រអូបប្រហើរ និងមានរស់ជាតិឆ្ងាញ់ក្រអួន ហើយមានទម្ងន់ធ្ងន់ជាងអង្ករនានា នេះដោយយោងតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០១៨។

ក្រោយពីបានផ្សព្វផ្សាយនិងចែកចាយពូជ «នាងអំ» អំឡុង១០ឆ្នាំក្រោយពីបានរកឃើញពូជនេះ ស្រូវ «នាងអំ» ត្រូវបានដាំដុះដោយកសិករក្នុងខេត្ត និងបានចែកចាយទៅខេត្តដទៃទៀតផងដែរ។ ស្រូវ «នាងអំ» នេះ ក៏ត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាលផងដែរ និងនាំយកទៅពិសោធន៍និងបន្សុទ្ធពូជ ដោយស្ថានីយ៍ពិសោធន៍កសិកម្មព្រៃផ្តៅ នៃអគ្គនាយកដ្ឋានកសិកម្មនៅឆ្នាំ២០១៩ (របាយការណ៍សកម្មភាពអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩)។ លើសពីនេះ លោកឧកញ៉ា សុង សារ៉ន ដែលជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីឈ្មោះម្នាក់នៅកម្ពុជា ហើយក៏ជាអ្នណែនាំឱ្យដាំដុះពូជស្រូវ «នាងអំ» បានលើកឡើងថា ជាពូជស្រូវប្រណិត កំពុងមានទីផ្សារល្អ ងាយស្រួលថែទាំ និងទទួលបានទិន្នផលខ្ពស់។

បច្ចុប្បន្នស្រូវ «នាងអំ» ត្រូវបានធ្វើការដាំដុះច្រើននៅក្នុងខេត្តព្រះវិហារ កសិករបានធ្វើកសិកម្មតាមកិច្ចសន្យាដោយផលិតស្រូវសរីរាង្គស្រូវស (ស្រូវនាងអំ និងនាងអុក) ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនចំនួន ០៣ គឺក្រុមហ៊ុន អេម រុរ៉ាយិ៍ (AMRU RICE) ក្រុមហ៊ុនស៊ិកនេឈ័រអហ្វអេស៊ា (SIGNATURE OF ASIA) និងក្រុមហ៊ុនហ្គោលឌិនរ៉ាយ (GOLDEN RICE) សរុបចំនួន ៦,៧៥៣,១៩០គីឡូក្រាម ក្នុងតម្លៃស្រូវសើមចន្លោះពី ៩៦០រៀល ទៅ ១១០០រៀល ក្នុងមួយគីឡូក្រាម (CEN, 2021)៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ