លោក Warren Buffett វិនិយោគិនដ៏ល្បីល្បាញ និងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ត្រូវបានគេរាយការណ៍ថា គាត់បានពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់សេតវិមានអំពីការវិនិយោគនៅក្នុងធនាគារក្នុងតំបន់របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កន្លងថ្មីៗនេះ។

សារព័ត៌មាន Bloomberg បាននិយាយថា ក្រៅពីការពិភាក្សាខាងលើ មហាសេដ្ឋីចិត្តធម៌ Buffett ក៏បានផ្តល់ដំបូន្មាន និងការណែនាំដល់រដ្ឋបាល Biden អំពីរបៀបដោះស្រាយជាមួយនឹងភាពចលាចល នាពេលបច្ចុប្បន្ននៅក្នុងវិស័យធនាគារផងដែរ។ ជាមួយគ្នានេះលោក Buffett ប្រហែលជាអាចនឹងជួយសង្រ្គោះធនាគារម្តងទៀត ដូចកាលពីពេលដែលលោកបានជួយក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨។ ការគាំទ្ររបស់មហាសេដ្ឋី នៅពេលនេះ អាចនឹងជួយបំបាត់ការភ័យខ្លាចនៃការដួលរលំរបស់ធនាគារកាន់តែច្រើន និងពង្រឹងជំនឿលើប្រព័ន្ធហិរញ្ញវត្ថុ។
គួរបញ្ជាក់ផងដែរថា នៅចុងឆ្នាំ២០០៨ លោក Warren Buffett បានធ្វើការបណ្តាក់ទុនសំខាន់ៗនៅក្នុងក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន General Electric ដែលកាលនោះការភ័យខ្លាចលើទីផ្សារឥណទានបានកើតឡើង។ ជាមួយគ្នានោះ គាត់ក៏បានទូរស័ព្ទទៅលេខាធិការរតនាគារ Hank Paulson ដើម្បីស្នើឱ្យរដ្ឋាភិបាលវិនិយោគដោយផ្ទាល់នៅក្នុងធនាគារជំនួស ឱ្យការទិញទ្រព្យសកម្មរបស់ពួកគេផងដែរ៕
អត្ថបទ៖ លីនី
ប្រភព៖ yahoo