ឯកឧត្តម ឌិត ទីណា ស្នើក្រុមហ៊ុនកសិកម្មរបស់អ៉ីស្រាអែល ពិនិត្យលទ្ធភាពនាំចូលកសិផលខ្មែរ ទៅទីផ្សារអ៉ីស្រាអែលដែលអាចលក់បានថ្លៃ ចំណេញច្រើន
សេដ្ឋកិច្ច March 21, 2023 Khmernote

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានស្នើដល់ក្រុមហ៊ុន Agrostudies របស់អ៊ីស្រាអែល ពិនិត្យលទ្ធភាពនាំចូលកសិផលខ្មែរគឺ ដំណាំប៊ឺរមណ្ឌលគិរី ទៅទីផ្សារអ៊ីស្រាអែល។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើបែបនេះនៅក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងឯកឧត្តម ជាមួយលោក Yaron Tamir នាយកប្រតិបត្តិការនៃក្រុមហ៊ុន Agrostudies នៃប្រទេសអុីស្រាអែល កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ក្នុងជំនួបនៃកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងស្នើបន្តកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកកសិកម្មនេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើង។ លើសពីនេះ ឯកឧត្តមបានស្នើដល់ក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលកសិផលកម្ពុជាដែលអាចនាំចូលទៅទីផ្សារប្រទេសអុីស្រាអែលបាន និងមានទីផ្សារជាក់លាក់ តម្លៃខ្ពស់ ចំណេញច្រើន និងមាននិរន្តរភាពសេដ្ឋកិច្ច ដូចជាដំណាំប៊ឺរ មណ្ឌលគិរី ដែលត្រូវមានការសិក្សាទាំងលើប្រព័ន្ធស្រោចស្រព និងគោលដៅទីផ្សារ។

សូមជម្រាបជូនថា គោលបំណងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសម និងរាយការណ៍ពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន Agrostudies ក្នុងការរៀបចំកម្មវិធីហាត់ការរបស់និស្សិតកសិកម្មសម្រាប់រយៈពេល១១ខែ នៅប្រទេសអុីស្រាអែល។ កម្មវិធីនេះ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សផ្នែកកសិកម្ម ដែលកិច្ចសហប្រតិបត្តិការនេះបានចាប់ផ្តើមឡើងនៅឆ្នាំ២០០៨ មកដល់បច្ចុប្បន្ន ហើយគិតត្រឹមឆ្នាំ២០២៣នេះ និស្សិត មាន១៥ជំនាន់ហើយ ដែលមាននិស្សិតបានចូលរួមកម្មវិធីហាត់ការសរុបចំនួន ១.៧១៩នាក់។ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ខាងមុខនេះ នឹងមាននិស្សិតចំនួន ២០០នាក់បន្ថែមទៀតចូលរួមក្នុងវិធីនេះ៕

អត្ថបទ៖ លីនី