គិតត្រឹមពាក់កណ្តាលខែមីនានេះ គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន តម្លៃជាង ២៦លានដុល្លារសម្រេចបានជាង ៨០ភាគរយ
សេដ្ឋកិច្ច March 21, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៣នេះ គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ ខណៈផ្លូវជាតិលេខ៥ ប្រវែង៣៦៦ គីឡូម៉ែត្រ ព្រែកក្តាម-ធ្លាម្អម សម្រេច៩៨ភាគរយ ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត សម្រេច ៦៩ភាគរយ និងបាត់ដំបង-សិរីសោភ័ណ សម្រេច១០០ភាគរយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងឱកាសដឹកនាំប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត និង គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ២៦,៤២ លានដុល្លារអាម៉េរិក។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា ដោយសារមានបញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ និងបម្រែបម្រួលការងារក្នុងកិច្ចសន្យា នាំឱ្យគម្រោងការងារនេះត្រូវបានពន្យារពេលសាងសង់ចំនួនពីរលើករួចមកហើយ។ ទន្ទឹមនេះ បើតាមការពន្យាពេលសាងសង់លើកទីពីរ គម្រោងគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ហើយគិតមកត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនសាងសង់សម្រេចបាន ៨២,៣០ភាគរយ។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ដែរថា អាជ្ញាធរមូលដ្ឋាន និងអង្គភាពជំនាញពាក់ព័ន្ធថ្នាក់ខេត្ត បានត្រៀមរួចរាល់ហើយដើម្បីសម្របសម្រួល និងសហការជាមួយភាគីថៃ ក្នុងការបើកច្រកទ្វារព្រំដែនបណ្តោះអាសន្នត្រង់ចំណុចនេះ។

សូមជម្រាបជូនថា ជាមួយនឹងការតភ្ជាប់ពីច្រកទ្វារព្រំដែននេះ មកកាន់តំបន់ផ្សេងៗ និងរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥ ដែលមានប្រវែង ៣៦៦ គីឡូម៉ែត្រ ក៏កំពុងដំណើរការស្ថាបនាស្ទើររួចរាល់ទាំងស្រុង។ ផ្លូវជាតិលេខ៥នេះ ត្រូវបានបែកចែកជាបីភាគ រួមមាន៖ (១). ភាគខាងត្បូង ពីព្រែកក្តាម ទៅដល់ធ្លាម្អម មានប្រវែងសរុប ១៣៥,២៥ គីឡូម៉ែត្រ សម្រេចបាន ៩៨ភាគរយ (២). ភាគកណ្តាលធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦,០៤ គីឡូម៉ែត្រ សម្រេចបាន ៦៩ភាគរយ និង (៣). ភាគខាងជើង ពីបាត់ដំបង-សិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ សម្រេចរួចរាល់១០០ភាគរយហើយ។ ចំពោះកំណាត់ ពីព្រែកក្តាម ទៅដល់សិរីសោភ័ណ ប្រវែង ៣៣១គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ២០២៣ លើកលែងតែកំណាត់ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ដែលមានប្រវែង ៣៥គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន