រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ៣០០លានដុល្លារនៅកម្ពុជា បើកដំណើរការផលិតហើយ ខណៈមួយឆ្នាំអាចផលិតបានដល់ ៥លានសំបកនាំចេញទៅទីផ្សារធំៗ
សេដ្ឋកិច្ច March 19, 2023 Khmernote

រោងចក្រផលិតសំបកកង់រថយន្ត តម្លៃ ៣០០លានដុល្លារ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចាប់ផ្ដើមដំណើរការផលិតហើយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ដោយសម្ពោធដាក់ឱ្យដំណើរការក្រោមវត្តមាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ រោងចក្រផលិតសំបកកង់រថយន្ដ ដែលលេចរូបរាងជាថ្មីនៅលើទឹកដីរបស់កម្ពុជានេះ មានឈ្មោះថា «ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក» ដែលជាក្រុមហ៊ុនសំបកកង់ឈាន មុខគេមួយនៅប្រទេសចិន។

នៅក្នុងពិធីសម្ពោធដំណើរការ លោក Gu Cui ប្រធានក្រុមហ៊ុន ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក បានមានប្រសាសន៍លើកឡើងថា ការផលិតចេញសំបកកង់លើកដំបូងនាពេលនេះ បន្ទាប់ពីការសាងសង់រោងចក្រទី១ នៅក្នុងប្រទេសថៃរយៈពេល៣ឆ្នាំ យើងបានសាងសង់ក្រុមហ៊ុនទី២ នៅកម្ពុជា (ខេត្តព្រះសីហនុ)។​ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនសំបកកង់ឈាន មុខគេមួយនៅប្រទេសចិន ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបន្តពន្លឿនការធ្វើឱ្យប្រសើរនូវឧស្សាហកម្មអន្តរជាតិ ឧស្សាហកម្មឆ្លាតវៃ និងឧស្សាហកម្មបៃតង។​ ហើយក៏ជាក្រុមហ៊ុនដំបូងគេក្នុងខេត្តជាំងស៊ូ ដែលវិនិយោគជាង ១០០លានដុល្លា។​ ហើយនៅកម្ពុជា ក្រុមហ៊ុនបានដាក់ទុនវិនិយោគ ៣០០លានដុល្លា ដែលគ្របដណ្តប់លើផ្ទៃដី ១៨០ ០០០ម៉ែត្រការ៉េ។​ មានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ ៩០០០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។​ រោងចក្រផលិតសំបកកងរថយន្តនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ គោលដៅបង្កើតក្រុមហ៊ុនឆ្លាតវៃ ស្វ័យប្រវត្តិ និងព័ត៌មានដោយប្រើប្រាស់ឧបករណ៍លំដាប់ពិភពលោក និងបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា។​

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរ និងស្វាគមន៍ការដាក់ឱ្យដំណើរការ ការផលិតចេញសំបកកង់រថយន្តលើកដំបូងរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី(ខេមបូឌា) នៅក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម សូមថ្លែងអំណរគុណក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) ជ្រើសរើសយកខេត្តព្រះសីហនុ ដើម្បីដាក់ទុនវិនិយោគអាជីវកម្មក្នុងការផលិតសំបកកង់រថយន្ត ជាប្រភេទផលិតផលថ្មីមួយទៀតសម្រាប់ខេត្តព្រះសីហនុ និងជួយសម្រួលដល់វិនិយោគិនដែលមកវិនិយោគនៅខេត្តព្រះសីហនុ ដោយលើកទឹកចិត្តដល់ការនាំសម្ភារសាងសង់ចូលដោយឥតបង់ពន្ធ​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការពារសន្តិសុខ សុវត្ថិភាពជូនដល់វិនិយោគិនបរទេសទាំងអស់។​ ផ្អែកតាមការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ​រវាងរដ្ឋាភិបាល​នៃប្រទេស​ទាំង​ពីរ(កម្ពុជា-ចិន) ក្រុមហ៊ុនហុង​តូ​គ្រុប ទីក្រុងហ្វូស៊ី ខេត្តជាំងស៊ូ បានបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានផ្តល់ផលប្រយោជន៍យ៉ាងសន្ធឹក​សន្ធាប់​ដល់ការអភិវឌ្ឍផ្នែកឧស្សាហកម្មធុនមធ្យម ធុនធំសម្រាប់ខេត្តព្រះសីហនុ និងបាននាំ​មកនូវបច្ចេកវិទ្យាថ្មីៗ ចំណេះ ជំនាញ វិជ្ជាជីវៈ ហើយបានផ្តល់ការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន​​តាមរយៈធ្វើការងារនៅតាមបណ្តារោងចក្រ-សហគ្រាសនានាក្នុងតំបន់​សេដ្ឋ​កិច្ចពិសេស ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាគឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ទីតាំង មាន ០៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះខេត្តព្រះសីហនុសង្ឃឹមថា នឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជនៅខេត្តព្រះសីហនុ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ