ផ្សារធំថ្មីដែលនៅចំកណ្ដាលរាជធានីភ្នំពេញនិងបច្ចុប្បន្នមានអាយុកាល ៩៤ឆ្នាំ ពីមុនជាកន្លែងអ្វី?
សេដ្ឋកិច្ច March 18, 2023 Khmernote

ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញពីប្រវត្តិផ្សារធំថ្មី តាមរយៈការបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ឯកឧត្តមនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ។ តាមរយៈការបង្ហោះរបស់ឯកឧត្តម ផ្សារធំថ្មីស្ថិតចំកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើងដំបូង នៅឆ្នាំ១៩២៩ ដោយប្រទេសបារាំង ដែលអំឡុងពេលនោះ អាណាចក្រកម្ពុជា ស្ថិតក្រោមអាណានិគមនិយមបារាំង ពោលផ្សារធំថ្មីដ៏អ៊ូអរសព្វថ្ងៃនេះ មានអាយុកាល៩៤ឆ្នាំហើយ។ បើសម្លឹងមើលចំពីលើទៅផ្សារធំថ្មី ប្រៀបដូចជាស្លាបឧទ្ធម្ភាគចក្រ ដ៏ធំសម្បើមមួយផ្កាប់លើដីយ៉ាងអញ្ចឹង។ ពិតណាស់ ប្រជាពលរដ្ឋភាគច្រើន នៅមិនទាន់ដឹងពីប្រវត្តិដើមរបស់ផ្សារធំថ្មីនេះថាជាកន្លែងអ្វីនៅ ឡើយទេ។ យោងតាមសៀវភៅប្រវត្តិសាស្រ្តកម្ពុជា ភាគ២ របស់លោកស្រី ត្រឹង ងា បានរៀបរាប់ទាក់ទងនឹងទីតាំងដើមរបស់ផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញនេះយ៉ាងក្បោះក្បាយ។

តាមសៀវភៅប្រវត្តិសាស្រ្តកម្ពុជារបស់ លោកស្រី ត្រឹង ងា បានសរសេរថា នៅឆ្នាំ១៤៣១ «ព្រះបាទបរមរាជា ចៅពញាយ៉ាត» ក្រោយពីរំដោះ ក្រុងអង្គរ ចេញពីកណ្ដាប់ដៃសៀមឈ្លានពានបានហើយ ទ្រង់បានលើករាជធានីពី ក្រុងអង្គរទៅតាំងថ្មីនៅទួលបាសាន្ត ក្នុងខេត្តស្រីសឈរ (ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម) ដោយសាររាជធានីអង្គរ ទទួលរងការខ្ទេចខ្ទីយ៉ាងដំណំពីសង្រ្គាមខ្មែរ-សៀម មិនអាចស្រោចស្រង់ក្នុងរយៈពេល ខ្លីបាន ម្យ៉ាងរាជធានីអង្គរ នៅជិតរាជធានីស្រីអយុធ្យា ត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ ដែលជាហេតុអនុគ្រោះដល់កងទ័ពអយុធ្យា ងាយស្រួលក្នុងការលើកមកវាយលើកក្រោយៗទៀត។ តែព្រះអង្គគង់នៅទួលបាសាន្ត បានតែ១ឆ្នាំ ប៉ុណ្ណោះ ដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពីទួលបាសាន្តទៅតាំង នៅក្រុងចតុមុខវិញ គឺរាជធានីភ្នំពេញសព្វថ្ងៃ។

ជាដំបូងព្រះបាទពញាយ៉ាត ទ្រង់បានត្រាស់បង្គាប់ឲ្យ សម្ដេចចៅពញាកែវ និងឧកញ៉ាហោរាធិបតីខៀវ និងនាម៉ឺនមន្ត្រីឯទៀត គន់គូរពិនិត្យមើល ស្ថានភាពដី ដែលស្ថិតនៅជិតភ្នំដូនពេញ។ លុះធ្វើការពិនិត្យតាមក្បួនតម្រាសព្វគ្រប់ហើយ មន្ត្រីទាំងនោះ ក៏ថ្វាយដំណឹងទៅព្រះបាទ ពញាយ៉ាតវិញភ្លាមថា «តំបន់ដែលស្ថិតនៅទិសអាគ្នេយ៍ នៃភ្នំដូនពេញ មានជ័យភូមិល្អល្មម សម្រាប់ស្ថាបនារាជធានីថ្មីបាន»។
ក្រោយទទួលបានដំណឹងនេះហើយ ព្រះបាទពញាយ៉ាត ទ្រង់បានត្រាស់ឲ្យអស់ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ដើរកេណ្ឌប្រមូលប្រជារាស្ត្រ ឲ្យមកជួយកសាងព្រះរាជនិវេសន៍ លើកដីសង់កំពែង សង់ប្រាសាទ និងព្រះរាជដំណាក់តូចធំ ក្នុងរយៈពេលដ៏ខ្លីបំផុត។ លុះកិច្ចការបានបំពេញ ចប់សព្វគ្រប់ហើយ ព្រះអង្គក៏បានយាងពីទួលបាសាន្ត មកគង់នៅភ្នំដូនពេញតាមផ្លូវទឹក ដោយមាននាម៉ឺនសព្វមុខមន្ត្រីដង្ហែអមព្រះអង្គផងដែរ។

លុះយាងមកដល់ភ្នំដូនពេញហើយ ព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់ឲ្យ ចៅពញាតេជោ ចៅហ្វាយខេត្តសំរោងទង កេណ្ឌប្រជានុរាស្ត្រលើកដីចាក់បំពេញ តំបន់នៅជុំវិញវត្តភ្នំ និងក្នុងព្រះបរមរាជវាំង។ តំបន់នោះក៏ក្លាយទៅជារាបស្មើល្អ រហូតដល់មាត់ទន្លេ ចាប់តាំងពីពេលនោះមក អ្នកស្រុកហៅថា «កំពង់រាប»។ ឯទីដែលចៅពញាតេជោ ឲ្យប្រជានុរាស្ត្រជីកយកអាចម៍ដីទៅចាក់បំពេញនៅកំពង់រាបនោះ ក៏ក្លាយទៅជាបឹងមួយធំជ្រៅទូលាយ អ្នកស្រុកហៅថា «បឹងតេជោ» តរៀងមក គឺនៅកន្លែងនេះហើយជាផ្សារធំថ្មីសព្វថ្ងៃ។ តែបាត់បឹងនោះទៅណា?
អំឡុងពេលត្រួតត្រាកម្ពុជា បារាំងបានចាក់លប់បឹងតេជោពីអតីតកាលនោះទាំងស្រុង ដើម្បីសាងសង់ផ្សារដ៏ធំមួយ ចំកណ្ដាលរាជធានីភ្នំពេញ នៅឆ្នាំ១៩២៩ ដើម្បីបម្រើដល់ការចរាចរណ៍ផលិតផលនានា លើដែនដីអាណានិគមរបស់ខ្លួនមួយនេះ។ និយាយឲ្យខ្លី ទីតាំងផ្សារធំថ្មីសព្វថ្ងៃ គឺតាំងលើផ្ទៃបឹងតេជោពីអតីតកាល។

រាជរដ្ឋាភិបាលកម្ពុជា បានបើកការជួសជុល ផ្សារធំថ្មី ឡើងវិញ និងចប់សព្វគ្រប់ ជា ស្ថាពរ នៅ ឆ្នាំ២០១១ ដើម្បីលម្អសោ ភ័ណភាព ផ្សារ ក៏ដូចជាលម្អសោភ័ណភាព រាជធានីទាំងមូល ព្រមទាំងរៀបចំប្រព័ន្ធសុវត្ថិភាព បែបថ្មី ជូនអាជីវករ និង ប្រជាពលរដ្ឋ ដែល អាស្រ័យលក់-ទិញនៅ ទីនោះ៕

ដកស្រង់ពីសារព័ត៌មាន Freshnews
Credit photos: Southeastasiaglobe , Kenbodian
ប្រភព៖ Koeut Chhe – កើត ឆែ អភិបាលរងរាជធានីភ្នំពេញ