កម្ពុជា សម្រេចចុះហត្ថលេខាលើគម្រោងនាំចេញថាមពលកកើតឡើងវិញ 1GW ទៅកាន់ប្រទេសសិង្ហបុរី
សេដ្ឋកិច្ច March 17, 2023 Khmernote

យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន ក្រុមហ៊ុន Royal Group Power Co., Ltd និង Keppel Energy Pte. Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីនាំចេញថាមពលកកើតឡើងវិញ 1GW ពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី។

ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និង Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ខ្លួន Keppel Energy Pte Ltd (KE) បានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងទិញថាមពល (PPA) សម្រាប់លក់ និងនាំចេញថាមពល 1,000 MW (ស្មើនឹង 1GW) នៃថាមពលកកើតឡើងវិញ ដែលផលិតក្នុងប្រទេសកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី” កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Fullerton ប្រទេសសិង្ហបុរី។

កិច្ចព្រមព្រៀងទិញថាមពល (PPA) និងការនាំចេញថាមពល នឹងបន្ថែមទំងន់លើកិច្ច ព្រមព្រៀងមុននៃក្រុមហ៊ុនទាំងពីរ ដើម្បីបន្តការអភិវឌ្ឍ និងប្រតិបត្តិការរួមគ្នានៃគម្រោងថាមពលកកើតឡើងវិញ ដែលបានជ្រើសរើសនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណង នាំចេញថាមពលកកើតឡើងវិញ ទៅកាន់ប្រទេសសិង្ហបុរី តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមបាតសមុទ្រដែលក្រុមហ៊ុន KE នឹងជាអ្នកបញ្ជូនបន្ត។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា រដ្ឋាភិបាលទាំងពីរ មានការគាំទ្រយ៉ាងខ្លាំងទៅលើគម្រោងនេះ ដោយសារតែគម្រោងនឹងជួយបម្រើដល់ពាណិជ្ជកម្មថាមពល និងសមាហរណកម្មថាមពលក្នុងចំណោមរដ្ឋសមាជិក អាស៊ានរួមទាំងកម្ពុជា និងសិង្ហបុរី ហើយវាស្របតាមផែនការមេស្តីពីការតភ្ជាប់អាស៊ាន។

ឯកឧត្តមបានបន្តថា “ខ្ញុំសង្ឃឹមថា ភាគីទាំងពីររបស់យើងនឹងបន្ត ការប្ដេជ្ញាចិត្ត របស់យើងក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូរបស់យើង ហើយនឹងបើកឱកាស វិនិយោគបន្ថែមទៀត ឆ្ពោះទៅរកអនាគតអព្យាក្រឹតកាបូន ខណៈដែលការពង្រឹងសន្តិសុខថាមពល និងកាត់បន្ថយការបំភាយកាបូន ក៏នឹងជួយសម្រេចបាននូវចក្ខុវិស័យនៃបណ្ដាញថាមពលអាស៊ានផងដែរ”។

ឯកឧត្តម Tan See Leng រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទី២ សិង្ហបុរី បានមានប្រសាសន៍ថា សិង្ហបុរី និងកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធ និងជាប្រទេសដែលមានគំនិតដូចគ្នា។ ដូច្នេះយើងចែករំលែកចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្ដូរទៅរកប្រភពថាមពលស្អាតជាងមុន និងឈានដល់ការបំភាយឧស្ម័នសូន្យនៅឆ្នាំ2050។

បន្ថែមពីនេះ កិច្ចសហការថាមពលឆ្លងកាត់ព្រំដែន អាចជួយឱ្យដឹងពីសក្ដានុពលនៃតំបន់របស់កម្ពុជាក្នុងការរំលាយកាបូនសមូហភាពដោយការដោះសោ សក្តានុពលថាមពលកកើតឡើងវិញ និងកំណើនសេដ្ឋកិច្ចដោយការជំរុញលំហូរវិនិយោគថាមពលស្អាត និងបង្កើតការងារបៃតងថ្មី។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន RGP បានមានប្រសាសន៍ថា ក្រុមហ៊ុន Keppel Energy និងក្រុមហ៊ុន Royal Group បានជ្រើសរើសធ្វើសកម្មភាពទ្វេភាគី ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកប ដោយចីរភាព នៃប្រទេសកំណើតរបស់យើងរៀងៗខ្លួន។

អ្នកឧកញ៉ា បានបន្ថែមថា ដោយនេះមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងតាមរយៈការផ្លាស់ទីឆ្ងាយពីអគ្គិសនីដែលពឹងផ្អែកលើកាបូនផងដែរ។ ដូច្នេះហើយ ភាពជោគជ័យរបស់យើង នឹងមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ក្រុមហ៊ុនទាំងពីររបស់យើង និងប្រទេសទាំងពីរ របស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងជំរុញការធ្វើសមាហរណកម្ម ក្នុងវិស័យថាមពលនៃសហគមន៍អាស៊ានផងដែរ។

អ្នកឧកញ៉ាបានបន្តថា “ការអនុវត្ត PPA របស់យើងក៏នឹងជួយ សម្រួលដល់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ សហគមន៍អាស៊ាន និងសកលលោក ដើម្បីសម្រេចបាននូវគោលដៅ នៃការបំភាយឧស្ម័នសុទ្ធគ្មានកាបូនរយៈពេលវែង។ ខ្ញុំទទួលស្គាល់ដោយស្មោះអស់ពីចិត្ត និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសិង្ហបុរី សម្រាប់ការគាំទ្រជានិរន្តរភាពសម្រាប់គម្រោងការឆ្លង កាត់ព្រំដែននេះ”។

ក្នុងពិធីចុះហត្ថលេខានេះ លោកស្រី Cindy Lim នាយកប្រតិបត្តិនៃក្រុមហ៊ុន KI បានលើកឡើងថា ការនាំចូលថាមពលកកើតឡើងវិញក្នុងទ្រង់ទ្រាយធំទៅកាន់ ប្រទេសសិង្ហបុរី ដែលរងការខ្វះខាតថាមពលកកើតឡើងវិញ នឹងផ្ដល់ឱ្យអតិថិជនពាណិជ្ជកម្ម និងឧស្សាហកម្ម ទទួលបានការផ្គត់ផ្គង់រយៈពេលវែង ដែលនឹងបំពេញតម្រូវការដែលកំពុងកើនឡើងរបស់ប្រទេសសម្រាប់ថាមពលកកើតឡើងវិញ។

លោកស្រីបានបន្តថា “យើងសូមអរគុណរដ្ឋាភិបាលសិង្ហបុរី និងកម្ពុជា សម្រាប់ការ គាំទ្ររបស់ពួកគេ ចំពោះគម្រោងនាំចូលថាមពលកាបូនឆ្លងព្រំដែនដ៏ធំរបស់ Keppel។ គម្រោងយុទ្ធសាស្ត្រ និងច្នៃប្រឌិតនេះនឹងជំរុញបណ្តាញថាមពលក្នុងតំបន់ និងពន្លឿនកំណើន ថាមពលកកើតឡើងវិញក្នុងអាស៊ាន ក៏ដូចជាជំរុញភាពធន់នឹងថាមពលក្នុងតំបន់”។

គួរបញ្ជាក់ដែរថា ការនាំចូលថាមពលអគ្គិសនីទ្រង់ទ្រាយធំរបស់ Keppel Energy ត្រូវបានគេរំពឹងថានឹងប្រមូលផ្ដុំអគ្គិសនីកាបូនទាប ដែលបង្កើតចេញពីប្រភពថាមពល កកើតឡើងវិញផ្សេងៗ ក្នុងប្រទេសកម្ពុជាជាមួយនឹងសមត្ថភាពក្នុងការធ្វើមាត្រដ្ឋាន និងបង្កាត់ជាមួយប្រភពថាមពលកកើតឡើងវិញដ៏ច្រើនក្នុងប្រទេសឡាវ ដែលនឹងផ្តល់ នូវភាពបត់បែន និងធន់នឹងថាមពលកាន់តែច្រើន។ ដោយបញ្ជូនតាមរយៈខ្សែបញ្ជូន តង់ស្យុងខ្ពស់នៅលើគោក និងខ្សែបញ្ជូនតង់ស្យុងខ្ពស់ក្រោមបាតសមុទ្រ ពីប្រទេសកម្ពុជា ទៅប្រទេសសិង្ហបុរី អគ្គិសនីកាបូនទាប នឹងត្រូវបានបង្កើត និងផ្គត់ផ្គង់ពីប្រព័ន្ធថាមពល រួមបញ្ចូលគ្នាដែលមានថាមពលលើសពី 5 GW នៃអ៊ីដ្រូ និងសូឡា ដែលបានដំឡើងរួច ជាមួយនឹងថាមពលខ្យល់នៅពេលខាងមុខ គឺនឹងត្រូវបានគាំទ្រដោយប្រព័ន្ធផ្ទុក ថាមពលសុវត្ថិភាពដែលបានបញ្ជាក់ ដូចជាការផ្ទុកអីដ្រូបូម ឬថាមពលអាគុយថ្ម។

សូមបញ្ជាក់ផងដែរថា ការចុះហត្ថលេខានេះ ជាជំហានដំបូងនៃដំណើរជាច្រើនឆ្នាំសម្រាប់ប្រទេសកម្ពុជា និងសិង្ហបុរី ដើម្បីបើកឱកាសសម្រាប់ការតភ្ជាប់គ្នាទៅវិញទៅមក បន្ថែមទៀតទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងរួមចំណែកដល់ការសម្រេចបាន នូវចក្ខុវិស័យបណ្ដាញថាមពលអាស៊ាន៕

ប្រភព៖ ក្រសួងព័ត៌មាន