ស្រុះដៃគ្នាណាស់! ក្រុមអ្នកដាំស្វាយចន្ទីនៅខេត្តមួយ ចែករំលែកបទពិសោធន៍គ្នា ដើម្បីចូលរួមជំរុញឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក
សេដ្ឋកិច្ច March 17, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមកសិករដាំដំណាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែង បានជួបជុំគ្នាចែករំលែកបទពិសោធន៍ ស្តីពី ការថែទាំឱ្យទទួលបានផលច្រើននៅពេលប្រមូលផលនៅឆ្នាំក្រោយៗទៀត ដែលជំរុញឱ្យកម្ពុជាក្លាយជា ប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក ដូចប្រសាសន៍សម្តេចតេជោបានលើកឡើង ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករដាំចន្ទី ស្តីពីបច្ចេកទេសថែទាំ នៅភូមិឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា៖ កសិករបច្ចុប្បន្នទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំដុះទាំង ដំណាំរួមផ្សំ -ដំណាំឈើហូបផ្លែ- និងដំណាំឧស្សាហកម្ម ជាច្រើនប្រមុខទៀត។

លោកបន្តថា៖ «បច្ចេកទេសនេះប្រជាកសិករ ត្រូវយកចំណេះដឹងទៅអនុវត្ត ទាំងការផលិតជីកំប៉ុស្តិ ប្រើប្រាស់ជីបំប៉ន និងការថែទាំផ្សេងៗទៀត ហើយមួយផ្នែកទៀត ត្រូវសិក្សាស្វែងយល់យកបទពិសោធន៍ ពីគ្នាទៅវិញទៅមកទៅអនុវត្ត ដើម្បីធ្វើឱ្យដំណាំទទួលបានលទ្ធផលល្អ ឈានឆ្ពោះទៅសម្រេច គោលបំណងរបស់រាជរដ្ឋាភិបាលគឺធ្វើឱ្យកម្ពុជាក្លាយជាអធិរាជចន្ទី »។

លោក សេន ពិសិដ្ឋ ម្ចាស់ចម្ការស្វាយចន្ទីនៅចំណុចភ្នំក្រហមក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក បានបញ្ជាក់ថា៖ លោកមានបទពិសោធន៍ ថែទាំស្វាយចន្ទីទទួលបានផ្លែផ្កាល្អ គឺក្រោយពេលប្រមូលផល ហើយ រយៈពេល៩០ទៅ១០០ថ្ងៃ ចាប់ពីខែឧសភាទៅ យើងធ្វើការកាត់តែង ដោយកាត់មែកចាស់ចោល ដើម្បីឱ្យមែកថ្មីលាស់ឡើង ។

លោកបន្តថា ៖ «ក្រៅពីនោះត្រូវ ដាក់ជីបំប៉ន នៅពេលមានភ្លៀងធ្លាក់ដើមរដូវ ដើម្បីជំរុញឱ្យវាផ្កាផ្លែ នៅខែវិច្ឆិកា និងអាចប្រមូលផលបាននៅខែកុម្ភៈ ដើមឆ្នាំតែម្តង ដែលនៅរដូវនោះ អាកាសធាតុមិនបង្ក ផលប៉ះពាល់ទៅលើដំណាំចន្ទី »។

លោក ងិន ណារ៉េត ប្រធានសហគមន៍អ៊ុំឃួននៅឃុំស្រែក្រសាំងបានទទួលស្គាល់ថា៖ការអនុវត្តន៍ បែបនេះពិតជាទទួលបានទិន្នផលច្រើនមែន ហើយបទពិសោធន៍នេះ ប្រជាសហគមន៍បាននាំគ្នាធ្វើរួចមក ហើយដែរ គ្រាន់តែកសិករយើងមួយចំនួន អនុវត្តមិនបានត្រឺមត្រូវតាមលក្ខណៈបច្ចេកទេស។

លោកពន្យល់បន្ថែមថា៖ «ការថែទាំផ្នែកដាក់ជីបំប៉នវិញ យើងត្រូវប្រើជីធម្មជាតិមួយភាគធំ និងជីគឺមី មូយកម្រិតតែប៉ុណ្ណោះ មានន័យថាជីធម្មជាតិយើងមិនអំណោយផលគ្រប់គ្រាន់ទៅដល់ចន្ទីទេ ដូចនេះ យើងត្រូវបន្ថែមជីគីមីចំនួន 25% និងបាញ់ថ្នាំកំចាត់សត្វល្អិតនិងបន្ថែមថ្នាំបំប៉ន ដើម្បីជំនួយដល់ដំណាំ តែប៉ុណ្ណោះ »។

សូមបញ្ចាក់ថា៖ នៅខេត្តស្ទឹងត្រែង កសិករទូទាំងខេត្តដាំដំណាំស្វាយចន្ទី ទាំងចន្ទីប្រមូលផលបាន និងមិនទាន់បានប្រមូលផល សម្រេចបាន សរុបប្រមាណជាង៤ម៉ឺនហិកតា ចំណែកទិន្នផលសម្រាប់ នាំចេញ បានជាង៥ម៉ឺនតោនក្នុងមួយឆ្នាំៗ ៕

ប្រភព៖ ក្រសួងព័ត៌មាន