ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកកម្ពុជា
ទេសចរណ៍ March 15, 2023 Khmernote

(វៀងចន្ទន៍)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត។

គួរជម្រាបថា ក្នុងខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ថោង ខុន បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

នាឱកាសនោះ ឯកឧត្ដមបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទន៍ទៅហ្លួងព្រះបាង។ លោកបានថ្លែងថា «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទន៍ទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃ ជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនែលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ។ ថ្លៃសំបុត្រថោក ហើយសុវត្ថិភាព»។

ភាគីកម្ពុជា-ឡាវ ក៏បានជំរុញឲ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញកំណើនទេសចរទៅវិញទៅមកផងដែរ៕

ប្រភព៖ ក្រសួងទេសចរណ៍