មន្ទីរកសិកម្មខេត្តស្ទឹងត្រែង នឹងដាក់បញ្ចូលឈើហូបផ្លែមាក់ប្រាង ជាផលិតផលមួយភូមិមួយ
សេដ្ឋកិច្ច March 14, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានជំរុញកសិករឱ្យដាំដំណាំឈើហូបផ្លែឱ្យបានច្រើនមុខ ដើម្បីគណៈកម្មាធិការតម្រង់ទិសនៃគម្រោងបន្លែផ្លែឈើកម្ពុជា វាយតម្លៃដាក់បញ្ចូលជាផលិតផលមួយភូមិមួយ និងបាននាំចេញទៅទីផ្សារលក់បានប្រាក់ចំណូលប្រចាំគ្រួសារ។

ក្នុងសកម្មភាពប្រមូលផលផ្លែមាក់ប្រាងរបស់កសិករនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ មីនាឆ្នាំ២០២៣ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តបានបញ្ចាក់ថា៖លោកនិងឱ្យមន្ត្រីជំនាញមកបង្ហាញពីបច្ចេកទេសថែទាំដាំណាំឈើហូបផ្លែមួយនេះបន្ថែម ដើម្បីឱ្យទទួលបានទិន្នផលកាន់តែល្អ ហើយរៀបចំដាក់បញ្ចូលទៅជាផលិតផលមួយភូមិមួយទៅតាមរដូវកាល ។

លោកបន្តថា៖ ផ្លែឈើមួយមុខនេះមានទីផ្សារល្អ ព្រោះមានរសជាតិឆ្ងាញ់ប្លែកពីផ្លែឈើផ្សេងៗទៀត ហើយនៅក្នុងខេត្តក៏ត្រូវការបញ្ជាទិញច្រើន មួយចំណែកទៀតបាននាំចេញទៅទីផ្សារនានា នៅតាមបណ្តាខេត្តជាពិសេសទៅរាជធានីភ្នំពេញ ។

” ហើយសម្រាប់មន្ទីរកសិកម្មយើងលើកទឹកចិត្តទៅដល់ពុកម៉ែបងប្អូនយើង ដើម្បីធ្វើការដាំដុះ ក៍ដូចជាផលិតទៅដល់ផលិតផលកសិកកម្មផ្សេងៗទៀត មិនត្រឹមតែមាក់ប្រាងទេ សូម្បីតែផ្លែឈើផ្សេងៗទៀត យើងនៅតែជំរុញលើកទឹកចិត្ត និងចូលរួមសហការគ្រប់រូមភាពដែលយើងអាចធ្វើទៅបាន “។

លោកស្រី ថៃ បាក់លី កសិករនៅភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែង បានគាំទ្រចំពោះគោលបំណង នេះ ព្រោះកសិករពេលដាំដុះដំណាំបានផលល្អ ជាចំណែកមួយបានជួយលើកកម្ពស់ផ្នែកជីវភាពរស់នៅ និងបានរួមគ្នាកាត់បន្ថយការធ្វើចំណាកស្រុកទៅស៊ីឈ្នួលលក់កម្លាំងពលកម្មផងដែរ ។

លោកស្រីថា៖ ដើមមាក់ប្រាងដើមធំ ផ្តល់ផលចាប់ពី៥០០ទៅ៦០០គីឡូក្រាម ចំពោះដើមតូចបានផល ប្រមាណ៣០០គីឡូក្រាមក្នុងមួយដើម ហើយផ្លែវាអតិថិជននិយមទិញទៅបរិភោគ ព្រោះជាផ្លែឈើ ធម្មជាតិ ក្នុងមួយឆ្នាំមានម្តង និងមានរសជាតិឆ្ងាញ់។

សំឡេង៖ “អ៊ីចឹងបងប្អូនណាដែលចង់សាករសជាតិមាក់ប្រាងនៅខេត្តស្ទឹងត្រែងសូមទាក់ទងមកលេខ ទូរស័ព្ទ ០៨៨.៤៩ ៥០.០៨៧, ០១៧.៩៤០.៩៨២ទាក់ទងមកខ្ញុំនឹងវេចខ្ចប់ផ្ញើជូនបងប្អូន ទៅគ្រប់ ២៤ខេត្តក្រុង “។

សូមបញ្ជាក់ថា៖ មាក់ប្រាងជាឈើហូបផ្លែមួយមុខ មានឈ្មោះនៅក្នុងបញ្ជីកសិកម្ម តាំងពីដើមតរៀងមកហើយ កាលពីសម័យដើម ច្រើនព្រះសង្ឃដាំនៅក្នុងទីអារាម មានមាក់ប្រេង មាក់ប្រាង បច្ចុប្បន្នកសិករដាំដុះ បានផលច្រើន ធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ និងបាននាំចេញទៅលក់នៅទីផ្សារក្នុងតម្លៃ ៨.០០០រៀលក្នុងមួយគីឡូក្រាម ហើយនៅឆ្នាំ២០២៣នេះ មានបរិមាណច្រើនជាងរាល់ឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន