សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា តម្លៃអគ្គិសនីប្រទេសជិតខាងឡើងថ្លៃលើសកម្ពុជាហើយ តែកម្ពុជាមិនដំឡើងថ្លៃទេ
សេដ្ឋកិច្ច March 14, 2023 Khmernote

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅក្នុងឱកាសនោះ សម្ដេចបានថ្លែងថា តម្លៃអគ្គិសនីប្រទេសជិតខាងឡើងថ្លៃលើសកម្ពុជាហើយ តែកម្ពុជាមិនដំឡើងថ្លៃទេ។ ជាមួយគ្នានេះ សម្ដេចបានបន្តថា កាលពីមុនតម្លៃអគ្គិសនីនៅប្រទេសជិតខាងរបស់កម្ពុជា មានតម្លៃថោក ជាងតែឥឡូវពួកគេចាប់ផ្ដើមដំឡើងថ្លៃហើយ ដែលតម្លៃនោះគឺថ្លៃជាងប្រទេសយើង។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា ការមិនដំឡើងថ្លៃអគ្គិសនីនេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសកសិករលើការប្រកបរបរដាំដុះ។ សូមបញ្ជាក់ផងដែរថា យោងតាប្រសាសន៍សម្ដេចតេជោ នៅពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាយ៉ាងហោចណាស់ពី ៤០ ទៅ ៥០លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋ៕

អត្ថបទ៖ លីនី