ធនាគារធំៗ ចំនួន ២ របស់អាមេរិកបានដួលរលំ ក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោង
សេដ្ឋកិច្ច March 12, 2023 Khmernote

ជាសប្ដាហ៍ដ៏អាក្រក់មួយសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ខណៈក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោង វិស័យធនាគារត្រូវបានរង្គោះរង្គើដោយសារការដួលរលំនៃធនាគារធំៗចំនួន ២។ យោងតាមសារព័ត៌មាន Thestreet បានឱ្យដឹងថា ធនាគារធំៗ ដែលបានបិទទ្វារនោះ ទី១ គឺ ធនាគារ Silicon Valley Bank (SVB) និងមួយទៀត Crypto Silvergate។

អ្វីដែលជាការព្រួយបារម្ភធំបំផុតនៃការបិទទ្វាររបស់ធនាគារទាំងពីរនេះ គឺថាធនាគារទាំងនេះបានបម្រើផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ។ មូលហេតុចម្បងដែលនាំឱ្យធនាគារទាំងពីរដួលរលំវិញនោះគឺ ចំពោះ (SVB) គឺដោយសារ ធនាគារកណ្ដាលអាមេរិកបានតម្លើងអត្រាការប្រាក់ ស្របពេលក្រុមហ៊ុនធុរកិច្ចថ្មីដែលជាអតិថិជនរបស់ធនាគារនេះបានសម្រុកដកប្រាក់ចេញដើម្បីទប់ទល់វិបត្តិហិរញ្ញវត្ថុរបស់ពួកគេ ទើបបណ្ដាលឲ្យ (SVB) អស់សាច់ប្រាក់បង្វិល។ ដោយឡែកចំពោះ Silvergate វិញ កើតឡើងបន្ទាប់ពីធនាគារនេះរងសម្ពាធពីនិយ័តករ និងនាយកដ្ឋានយុត្តិធម៌របស់អាមេរិក ពាក់ព័ន្ធនឹងករណីក្ស័យធនរបស់ក្រុមហ៊ុនគ្រីបតូ FTX ដែលត្រូវជាអតិថិជនធំមួយរបស់ Silvergate។

គួរបញ្ជាក់ផងដែរថា ធនាគារ Silicon Valley Bank ដែលជាស្ថាប័នផ្ដល់កម្ចីដល់អាជីវកម្ម (startups) នៅ Silicon Valley បានដួលរលំនៅថ្ងៃទី១០ ខែមីនា។ ធនាគារដ៏មានកេរ្តិ៍ឈ្មោះរឹងមាំមួយនេះ មានទ្រព្យសម្បត្តិសរុបចំនួន ២០៩ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបចំនួន ១៧៥ពាន់លានដុល្លារ។ ការដួលរលំរបស់ ធនាគារនេះក្លាយជាការដួលរលំដ៏ធំបំផុតទីពីររបស់ធនាគារអាមេរិក បន្ទាប់ពីការដួលរលំរបស់ធនាគារ Washington Mutual ក្នុងឆ្នាំ២០០៨។ ដោយឡែក Silvergate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨ ជាធនាគារដំបូងដែលមានឯកទេសក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនឧស្សាហកម្ម ហើយនៅពេលនោះធនាគារក៏បានផ្តល់ប្រាក់កម្ចីសម្រាប់ទាំងអចលនទ្រព្យលំនៅដ្ឋាន និងពាណិជ្ជកម្មផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ thestreet