សណ្ឋាគារមាសដំបូងគេនៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលមានឈ្មោះថា The Dolce by Wyndham Hanoi Golden Lake បាននិងកំពុងដេញថ្លៃដាក់លក់ជាមួយនឹងតម្លៃ ២៥០ លានដុល្លារ ដោយការដេញថ្លៃនេះ ត្រូវបានកំណត់សម្រាប់ខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress។

លោក Nguyen Huu Duong ម្ចាស់ហាង Dolce ធ្វើពីមាស បានប្រាប់សារព័ត៌មានថា ការដាក់លក់សណ្ឋាគារនេះ គឺដោយសារតែក្រុមហ៊ុនខ្វះខាតថវិកាសម្រាប់បង់ថ្លៃសំណងទៅបុគ្គលិក និងការប្រាក់។ ម្ចាស់សណ្ឋាគាររូបនេះបានបន្តថា បច្ចុប្បន្ននេះ មានអ្នកវិនិយោគ១០ នាក់ កំពុងចាប់អារម្មណ៍ចរចាតម្លៃ ដោយផ្តល់ឱ្យតម្លៃ ២៥០លានដុល្លារ។
គួរបញ្ជាក់ផងដែរថា Dolce by Wyndham Hanoi Golden Lake គឺជាសណ្ឋាគារធ្វើពីមាសដំបូងគេនៅទីក្រុងហាណូយ។ សណ្ឋាគារនេះត្រូវបានសម្ពោធនៅខែកក្កដា ឆ្នាំ២០២០ ជាមួយនឹងការវិនិយោគចំនួន ១០០លានដុល្លារ។ ស្ទើរតែគ្រប់ការរចនាផ្នែកខាងក្រៅ និងគ្រឿងសង្ហារិមខាងក្នុងរបស់សណ្ឋាគារត្រូវបានគ្របដណ្ដប់ដោយមាស 24k ។ សណ្ឋាគារ ២៤ជាន់ មាន ៣៦០បន្ទប់ ដោយតម្លៃបន្ទប់មានរហូតដល់ ១,០០០ ដុល្លារក្នុងមួយយប់៕
អត្ថបទ៖ លីនី
ប្រភព៖ vnexpress