ប្រព័ន្ធផ្សព្វផ្សាយចិន បង្ហាញក្ដីព្រួយបារម្ភខ្លាំងថា ប្រទេសចិនអាចនឹងបាត់បង់តំណែងជាមជ្ឈមណ្ឌលផលិតកម្មរបស់ក្រុមហ៊ុនយក្ស Apple ទៅឱ្យប្រទេសឥណ្ឌា
សេដ្ឋកិច្ច March 7, 2023 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo បានឱ្យដឹងថា មួយរយៈពេលក្រោយនេះ ប្រទេសឥណ្ឌាបានអភិវឌ្ឍខ្លួនទៅជាមូលដ្ឋានផលិតកម្មស្មាតហ្វូនដ៏សំខាន់។ ការអភិវឌ្ឍន៍នេះ បានបង្កការព្រួយបារម្ភកាន់តែខ្លាំង នៅទូទាំងប្រព័ន្ធផ្សព្វផ្សាយចិនថា ប្រទេសចិន កំពុងមានហានិភ័យនៃការបាត់បង់តួនាទីលេចធ្លោរបស់ខ្លួន ជាមជ្ឈមណ្ឌលផលិតកម្ម របស់ក្រុមហ៊ុនយក្ស Apple។

ជាមួយគ្នានេះ ការព្រួយបារម្ភបានកើនឡើងកាន់តែខ្លាំងថែមទៀត កាលពីសប្តាហ៍មុនបន្ទាប់ពីរបាយការណ៍មួយបានចេញផ្សាយថា ក្រុមហ៊ុន Foxconn Technology Group ដែលជាក្រុមហ៊ុន ផ្គត់ផ្គង់ឱ្យ Apple គ្រោងនឹងវិនិយោគប្រហែល ៧០០លានដុល្លារ សង់រោងចក្រថ្មីមួយក្នុងប្រទេសឥណ្ឌា ដើម្បីបង្កើនផលិតកម្មក្នុងស្រុក ដែលជាសញ្ញានៃការផ្លាស់ប្តូរល្បឿនផលិតកម្មចេញពីប្រទេសចិនចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

លើសពីនេះទៀត លោក Rajeev Chandrasekhar រដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បាននិយាយកាលពីចុងសប្តាហ៍ថា ទូរស័ព្ទចល័តនឹងក្លាយជាផលិតផលមួយក្នុងចំណោមផលិតផលកំពូលទាំង ១០ របស់ប្រទេសសម្រាប់ការនាំចេញនៅឆ្នាំក្រោយ ពោលគឺកើនឡើងពីសូន្យក្នុងឆ្នាំ២០១៤​ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក។

របាយការណ៍ក៏បានដកស្រង់សម្តីលោក Chandrasekhar ដែលបាននិយាយថា នាយករដ្ឋមន្រ្តី Narendra Modi បានដាក់ចេញនូវចក្ខុវិស័យមួយថា “ឥណ្ឌានឹងក្លាយជាតួអង្គសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិចពិភពលោក” ជាមួយនឹងគោលដៅនៃគ្រឿងអេឡិចត្រូនិកដែលមានតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិកដែលផលិតនៅឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា Foxconn ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Hon Hai Precision Industry បានព្យាយាមស្តារឡើងវិញនូវសមត្ថភាពផលិតពេញលេញនៅឯរោងចក្រផលិតរបស់ខ្លួននៅកណ្តាលទីក្រុង Zhengzhou ដែលជាតំបន់រោងចក្រផលិត iPhone ដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីរងការរំខានយ៉ាងខ្លាំងដោយសារ ជំងឺកូវីដ-១៩ និងការតវ៉ារបស់កម្មកររហូតដល់មានការប្រើហិង្សាកាលពីចុងឆ្នាំមុន។

ជាមួយគ្នានេះ លោក Gengbaixingjun អ្នកមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចអនឡាញម្នាក់បានសរសេរកាលពីថ្ងៃចន្ទនៅក្នុងការបង្ហោះនៅលើវេទិកា Weibo ថា ក្រុមហ៊ុន Foxconn មិនត្រឹមតែបង្កើតការងារជាច្រើនដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មជាច្រើនផងដែរ”។ លោកបានបន្ថែមថា គំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ Foxconn នៅក្នុងប្រទេសឥណ្ឌា បានធ្វើឱ្យប្រទេសអាស៊ីខាងត្បូងក្លាយជាគូប្រជែងជាមួយប្រទេសចិនទាក់ទងនឹងការផលិតលើគ្រឿងអេឡិចត្រូនិក៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo