សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងការងារ ពិភាក្សាជាមួយម្ចាស់រោងចក្រដែលត្រូវបានព្យួរ ឬបិទដើម្បីអន្តរាគមន៍ជួយដល់កម្មករ
សេដ្ឋកិច្ច March 6, 2023 Khmernote

យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចាប់ផ្ដើមពិភាក្សាជាមួយនឹងម្ចាស់រោងចក្រដែលបានព្យួរការងារ ឬបិទរោងចក្រដើម្បីដោះស្រាយបញ្ហាអន្តរាគមន៍ជួយដល់កម្មករ។ ការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ១ ៧២៨ នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាម៉េរិក ទាំងនៅអឺរ៉ុបជាពិសេសគឺនៅអឺរ៉ុបតែម្ដង ហើយបញ្ហានៅពេលនេះ ពិតមែនតែវាមិនសូវធ្ងន់ធ្ងរ ប៉ុន្តែវាបានកើតបញ្ហាធំណាស់ ដែលអតិផរណាទូទាំងសកលលោក បានធ្វើឱ្យមនុស្សដែលមានប្រាក់ចំណូលខាតបង់យ៉ាងធ្ងន់។ សម្ដេចតេជោបានគូសបញ្ជាក់ថា៖ «អីចឹងទេ ស្ថានភាពនេះ ការបញ្ជាទិញពីខាងក្រៅមកក្នុងប្រទេសរបស់យើង ពិសេសទាក់ទងជាមួយនឹងសម្លៀកបំពាក់ស្បែកជើង ត្រូវបានកាត់បន្ថយ»។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា សម្តេចបានទទួលរបាយការណ៍ពីសហជីពមួយបានសំណូមពរថា ឥឡូវនេះចំនួនរោងចក្រដែលព្យួរមានការកើនឡើងធ្វើឱ្យកម្មករ កម្មការិនីសំណូមពរឱ្យមានការជួយអន្តរាគមន៍ ហើយក៏បានបញ្ជូនបញ្ហានេះ ទៅឯកឧត្ដម អ៊ិត សំហេង និងឯកឧត្ដម អូនព័ន្ធមុន្នីរ័ត្ន ដើម្បីពិភាក្សាគ្នា។

សម្ដេចតេជោបានថ្លែងថា៖ «ឥឡូវខ្ញុំបានទទួលនូវរបាយការណ៍របស់សហជីពថា ចំនួនរោងចក្រដែលព្យួរមានការកើនឡើង ដែលកម្មករ កម្មការិនីសំណូមពរឱ្យមានការជួយអន្ដរាគមន៍ ខ្ញុំបានបញ្ជូនបញ្ហានេះ ទៅឯកឧត្ដម អ៊ិត សំហេង និងឯកឧត្ដម អូនព័ន្ធមុន្នីរ័ត្ន ដើម្បីពិភាក្សាគ្នា ដើម្បីឆ្លើយតបលើបញ្ហានេះ។ វាមិនច្រើនដូចសម័យកូវីដទេ អីចឹងសម្រាប់កម្មករ ដែលព្យួរការងារយើងត្រូវពិភាក្សាជាមួយនឹងម្ចាស់រោងចក្រ គឺធ្វើដូចសម័យកូវីដ រាជរដ្ឋាភិបាល៤០ ម្ចាស់រោងចក្រ៣០ ហើយគួរត្រូវបានអនុវត្ដន៍ចាប់ពីខែមេសាខាងមុខតទៅ និងត្រូវរួសរាស់ពិភាក្សាជាមួយម្ចាស់រោងចក្រដែលត្រូវបិទ ដើម្បីដាក់ចេញនូវការអន្ដរាគមន៍។»

សម្ដេចតេជោក៏បានរម្លឹកផងដែរ កាលពីមុនយើងក៏បានជួបបញ្ហានេះដែរ ហើយរហូតពេលមកដល់សម័យកូវីដ ឆ្នាំ២០២០ ឆ្នាំ២០២១ សង្វាក់ផលិតកម្ម ការបញ្ជាទិញ និងការដឹកជញ្ជូន ព្រមទាំងការផ្គត់ផ្គង់វត្ថុធាតុដើមមកកាន់ប្រទេសរបស់យើង គឺមានការលំបាក។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា៖ «អីចឹងរោងចក្ររាប់រយរោងចក្រដែលត្រូវបិទ តម្រូវឱ្យយើងរៀបចំនូវការឧបត្ដមចំពោះកម្មករ កម្មការិនី ដែលរោងចក្រត្រូវបិទ ឬត្រូវព្យួរ។ ពេលនោះយើងប្រើវិធានការរដ្ឋត្រូវអន្ដរាគមន៍៤០ដុល្លារ ម្ចាស់រោងចក្រ៣០ដុល្លារ»។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបន្ថែមថា យើងបានអន្ដរាគមន៍តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអំពីគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងដំណាក់កាលកូវីដដោយគ្រាន់តែក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺចំណាយប្រមាណជាង៤០លានដុល្លារ ហើយបើគិតតាំងពីពេលដែលចាប់ផ្ដើមរហូតមកដល់ពេលនេះ ចំណាយថវិកាសរុបជាង ១ ២០០ លានដុល្លារ៕

ប្រភព៖ ក្រសួងព័ត៌មាន