សមាគមខ្មែរនៅប្រទេសបារាំង ស្នើសុំឱ្យចុះបញ្ជីម៉ាកសម្គាល់ផលិតខ្មែរពិត សម្រាប់អង្ករ «ផ្ការំដួល» ដើម្បីអាចឱ្យអតិថិជនទុកចិត្ត និងចំណាំ ខណៈប្រទេសកម្ពុជានឹងជំរុញការនាំចេញអង្ករ «ផ្ការំដួល» ទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ។ ការស្នើសុំរបស់ សមាគមខ្មែរនៅប្រទេសបារាំង ត្រូវបានលើកឡើងដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីឯកឧត្តមបានធ្វើមាតុភូមិនិវត្តន៍ នៃការចូលរួមពិព័រណ៍កសិកម្មអន្តរជាតិ នៅសាធារណរដ្ឋបារាំង ដោយសុវត្ថិភាព និងជោគជ័យ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។
តាមរយៈបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វែងយល់ពីកសិផលដែលប្រទេសបារាំងត្រូវការ និងឱកាសដែលកម្ពុជាអាចឈានចូលទៅទីផ្សារប្រទេសបារាំងបាន ក្នុងនោះ កម្ពុជាត្រូវផលិតកសិផលដែលធានាគុណភាព និងសុវត្ថិភាពតាមស្តង់ដារ ដើម្បីជួយផ្ដល់តម្លៃបន្ថែមខ្ពស់ព្រមទាំងជំរុញឱកាសប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។
ចំពោះទីផ្សារអង្ករ «ផ្ការំដួល» ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ ឯកឧត្តមសង្កត់ធ្ងន់ពីការចុះបញ្ជីម៉ាកសម្គាល់ផលិតផលខ្មែរពិត ដែលអាចឱ្យអតិថិជនទុកចិត្តនិងចំណាំ តាមការស្នេីសុំរបស់សមាគមខ្មែរនៅប្រទេសបារាំង។ បន្ថែមពីនេះ ឯកឧត្តមណែនាំឱ្យមានការបង្កេីតចេញនូវ QR Code ដែលអាចកំណត់នូវប្រភពនិងខ្សែច្រវាក់តម្លៃសំដៅផ្តល់ការទុកចិត្តដល់អ្នកទិញផលិតផលកសិកម្មទាំងក្នុងនិងក្រៅប្រទេស។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនៅពិព័រណ៍កសិកម្មអន្តរជាតិនៅប្រទេសបារាំង ពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា គឺជាឱកាសមួយសម្រាប់ប្រទេសកម្ពុជា ឈានទៅបេីកផ្លូវសម្រាប់វិស័យឯកជនខ្មែរ នាំកសិផលខ្មែរដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ ទៅកាន់ទីផ្សារបរទេស ព្រមទាំងជាឱកាសសម្រាប់វិនិយោគិនបរទេស មកដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ៕








ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ


