រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsuthin បានដាក់សំណើ ឱ្យជួយផ្សព្វផ្សាយពី ការជល់មាន់ និងជល់ត្រី ដែលជាការប្រកួតបែបប្រពៃណី ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ជាមួយគ្នានេះ លោក Worachit Paengpairee ម្ចាស់ទីតាំងជល់មាន់នៅក្នុងស្រុក Muang ខេត្តភាគឦសានប្រទេសថៃ បានយល់ស្របជាមួយនឹងសំណើនេះ។

លោក Worachit បានលើកឡើងថា ប្រសិនបើការប្រកួតត្រូវបានផ្សព្វផ្សាយជាព្រឹត្តិការណ៍ប្រពៃណីរបស់ប្រទេសថៃនោះ ប្រជាប្រិយភាពរបស់ការជល់មាន់នឹងកើនឡើង ហើយការបង្កាត់ពូជ ការចិញ្ចឹម និងការជួញដូរមាន់ជល់ក៏នឹងកើនឡើងដែរ ខណៈបើទោះបីជាការជល់មាន់ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក៏ដោយ ក៏មាន់ជល់អាចលក់បានរហូតដល់មួយលានបាតដែរ។
លោកបានបន្តទៀតថា ជាងនេះទៅទៀត បើសិនបើកបង្ហាញប្រវត្តិនៃការជល់សត្វ (មាន់ និងត្រី) នៅក្នុងប្រទេសថៃ នោះទេសចរបរទេសអាចនឹងចង់ដឹង ហើយចង់ទស្សនាការជល់សត្វទាំងនោះ។ ទោះជាយ៉ាងណាក្ដី ម្ចាស់ទីតាំងជល់មាន់រូបនេះ ស្នើឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ និងលើកកម្ពស់សម្រាប់តែនៅទីលាន និងសង្វៀនណាដែលមានអាជ្ញាប័ណ្ណ អនុញ្ញាតឱ្យអ្នកទស្សនាភ្នាល់លើការប្រកួតតែប៉ុណ្ណោះ ព្រោះថា ការជល់មាន់នេះជាប់ទាក់ទងនឹងល្បែងស៊ីសង៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand