ងើបឡើងវិញហើយ! កម្ពុជាស្វាគមន៍ជើងហោះហើរត្រង់ពីសៀងហៃប្រទេសចិន ជាលើកដំបូង មកកាន់ខេត្ដសៀមរាប
ទេសចរណ៍ March 4, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធ ស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Lastern airlines លេខ MVU 2091 ចេញពីទីក្រុងសៀងហៃ ប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A 320) ដែលបានផ្ទុកអ្នកដំណើរ ជនជាតិចិនចំនួន ១៣២នាក់ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្វើការហោះត្រង់មកកាន់ ខេត្តសៀមរាប ជាលក្ខណ: Regular Fligh ដោយហោះហើរក្នុងមួយសប្តាហ៍ចំនួន ៣ជើង គឺនៅថ្ងៃអង្គារ សុក្រ និង អាទិត្យ។

ឯកឧត្ដម បានបន្ដថា តាមការព្យាករណ៍ឆ្នាំ២០២៣ កម្ពុជា អាចនឹងទទួលទេសចរអន្តរជាតិ ប្រមាណមួយលាននាក់ ក្នុងនោះមានទេសចរចិនប្រមាណ ៨០ម៉ឺននាក់ ហើយខេត្តសៀមរាប អាចទទួលទេសចរចិន ៣០% នៃទេសចរចិនសរុបមកកម្ពុជា។បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានជើងហោះហើរជាមធ្យម ២៥០ជើងក្នុងមួយសបា្តហ៍ និងមានទេសចរជាមធ្យមចំនួនប្រមាណ ៣,៤០០នាក់ក្នុងមួយថ្ងៃ។

ឯកឧត្ដម បន្ដទៀតថា កម្ពុជាមានមោទកភាព ដែលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងខួប១០ឆ្នាំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដផងដែរ ដែលអាចទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្ដសៀមរាបកាន់តែច្រើន។

សូមបញ្ជាក់ថា ការបើកជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ចិន មកកាន់ប្រទេសកម្ពុជា ធ្វើឡើងជាលើកទី៣ ហើយ ដោយលើកទី១ នៅខេត្ដព្រះសីហនុ។ លើកទី២ នៅរាជធានីភ្នំពេញ និងលើទី៣ នៅខេត្ដសៀមរាប នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ដែលមានភ្ញៀវទេសចរណ៍ចិនចំនួន ១៣២នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន