ចំណេញជាងមុន! ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចុះ MOU ជាមួយនឹង CAMBA ដែលនឹងធ្វើការបញ្ចុះតម្លៃលើសេវាប្រើប្រាស់ទាំងនេះរបស់អ្នកដំណើរ
សេដ្ឋកិច្ច March 3, 2023 Khmernote

កាលពីថ្ងៃព្រហ្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនវ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (CPEC) ជាមួយនឹងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដោយមានអញ្ជើញការចូលរួមជាសក្ខីភាព ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ សមាជិកសមាជិកាសមាគម និងអ្នកសារព័ត៌មានជាច្រើនរូប។

លទ្ធផលដែលសម្រេចបានក្នុងអនុស្សរណៈនៃការយោគយល់នេះ រួមមានដូចជា៖ (១) ការបញ្ចុះថ្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន ទៅតាមប្រភេទរថយន្ត និងចំនួនការធ្វើដំណើរក្នុងមួយថ្ងៃ (២) ការបញ្ចុះថ្លៃសេវាអូសសណ្តោងចំពោះរថយន្តដែលមានបញ្ហាតាមផ្លូវ (៣)ជំរុញការប្រើប្រាស់ឧបករណ៍ ETC-OBU ចំពោះយានយន្តសមាជិកសមាគម និង (៤) ការពិភាក្សាលើការស្នើសុំតម្លៃពិសេស សម្រាប់យានយន្តអគ្គិសនី ដែលនឹងចរចានៅពេលក្រោយ។

សូមបញ្ជាក់ជូនថា ពិធីចុះអនុស្សរណៈនាឱកាសនេះ ធ្វើឡើងដើម្បីបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ការដឹកជញ្ជូនអ្នកដំណើរទៅមក រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿន ក៏ដូចជាតម្រង់ទិសកិច្ចសហប្រតិបត្តិការ ដែលឆ្លុះបញ្ចាំងពីការរួបរួមគ្នា រវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងគោលដៅតែមួយ ក្រោមការចង្អុលបង្ហាញ និងសម្របសម្រួល ដោយការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន៕

អត្ថបទ៖ លីនី