វៀតណាម បានកំណត់គោលដៅរកចំណូលឱ្យបាន ១ពាន់លានដុល្លារពីការនាំចេញផលិតផលពីផ្លែដូង ខណៈកាលពីឆ្នាំមុន ការនាំចេញផលិតផលដូងមានតម្លៃ ៩០០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress។ លោក Cao Ba Dang Khoa អគ្គលេខាធិការស្តីទីរបស់សមាគមដាំដុះដូង បានមានលើកឡើងថា ប្រទេសនេះបានឡើងដល់ចំណាត់ថ្នាក់ទីបួននៅអាស៊ីទាក់ទងនឹងការនាំចេញដូង។
លោកបានបន្តថា គ្រប់ផ្នែកនៃផ្លែដូង ត្រូវបានច្នៃយកមកប្រើប្រាស់បានទាំងអស់មិនថា ដើម ស្លឹក ផ្លែ ដោយឧស្សាហកម្មកែច្នៃបានបង្កើតផលិតផលប្រហែល ២០០ ចេញពីផ្លែដូងក្នុងនោះមានដូចជា ស្ករគ្រាប់ fibre ធ្យូង ប្រេង ទឹកដោះគោដូង និងកំរាលព្រំជាដើម។
លើសពីនេះទៅទៀត សមាគមកំពុងសម្របសម្រួលជាមួយឧស្សាហកម្ម និងមូលដ្ឋានមួយចំនួន ដើម្បីរៀបចំសកម្មភាពពង្រីកសមត្ថភាពផលិត និងបង្កើតម៉ាកយីហោផលិតផលដូង។ អគ្គលេខាធិការស្តីទីរបស់សមាគមបានបន្ថែមទៀតថា ដោយមានទីផ្សារត្រឹមត្រូវ ផលិតផលដូង នឹងទទួលបានការចាប់អារម្មណ៍លើទីផ្សារអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាម បានដាំដូងនៅលើផ្ទៃដី ១៧៥,០០០ នៅតំបន់ដីសណ្ដ Cuu Long (មេគង្គ) និងឆ្នេរសមុទ្រភាគកណ្តាល៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


