ចាប់តាំងពីបើកឱ្យដំណើរការមកទល់ ចុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រមូលចំណូលបានសរុបជិត ១១លានដុល្លារ
សេដ្ឋកិច្ច March 1, 2023 Khmernote

ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន ក្នុងនោះ មានប្រមាណ ជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក។

តួលេខនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពិភាក្សា លើការអនុវត្តការងារ នៃផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC) និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាលើវឌ្ឍនភាពការអនុវត្តការងារ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ សម្រាប់ដំណើរប្រតិបត្តិការកន្លងមក។ លើកឡើងក្នុងអង្គប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជជែកវាយតម្លៃ ពីភាគីពាក់ព័ន្ធ ដោយទទួលយកលើការអនុវត្តការងាររបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសនៃគម្រោងស្ថាបផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ MinConsults Sdn Bhd កន្លងមក។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏ បានស្នើឱ្យក្រុមហ៊ុន CPEC ពង្រឹងការឃោសនាអប់រំទាក់ទងនឹងការបើកបរលើផ្លូវល្បឿនលឿន ឱ្យបានកាន់ទូលំទូលាយទៅកាន់សាធារណជន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តវិធានច្បាប់ឱ្យបានតឹងរឹងចំពោះបទល្មើសចរាចរណ៍ ជាពិសេសលើករណីការបើកបរបញ្ច្រាសទិស៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន