សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាអាចក្លាយជាអ្នកខ្លាំងមួយនៅក្នុងចំណោមអ្នកខ្លាំងក្នុងការចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ពិភពលោក
សេដ្ឋកិច្ច February 28, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយជាប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ពិភពលោក ហើយជាប្រទេសខ្លាំងមួយនៅក្នុងចំណោមអ្នកខ្លាំង។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សរុប ចំនួន ៥ ៤៥០ នាក់ ដែលធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «នៅក្នុងគោលនយោបាយឧស្សហកម្មរបស់កម្ពុជា ខ្ញុំតែងតែប្រាប់មិត្តភក្តិបរទេស និងអ្នកវិនិយោគបរទេសឱ្យផ្តោតការយក ចិត្តទុកដាក់សម្រាប់មកវិនិយោគនៅកម្ពុជា គោលដៅពីរសំខាន់ដែលយើងចង់ទាក់ទាញវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃ ដែលប្រើវត្ថុធាតុដើមកម្ពុជាមានស្រាប់។ ទៅមុខកម្ពុជាប្រសិនបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយជាប្រទេសដែលចែកចាយនូវគ្រាប់ស្វាយចន្ទី ដែលសឹងក្លាយជាអ្នកខ្លាំងមួយនៅក្នុងចំណោមអ្នកខ្លាំង។ព្រោះ ក្នុងមួយឆ្នាំកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណជាង១លានតោនដែលមិនទាន់កែច្នៃ។» សម្តេចតេជោ បន្ដថា សព្វថ្ងៃយើងកែច្នៃខ្លួនឯងបានតិចតួចណាស់ដែលយកមក តាំងលក់ ហើយប្រសិនជាយើងមានជោគជ័យក្នុងគោលនយោបាយស្វាយចន្ទី ដែលបានដាក់ចេញសម្រាប់ការអភិវឌ្ឍដំណាំស្វាយចន្ទី គឺសំដៅទាក់ទាញការកែច្នៃនៅក្នុងស្រុក។ ចំពោះវៀតណាមនិងឥណ្ឌា ជាប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ពិភពលោក ប៉ុន្តែវៀតណាមបានទៅដឹកគ្រាប់ស្វាយចន្ទីមួយចំនួនពីអាហ្វ្រិកមកកែច្នៃ ហើយមានមួយផ្នែកកម្ពុជាក៏ត្រូវពឹងពាក់ទីផ្សារវៀតណាមដើម្បីនាំចេញ។ ចំណែកឥណ្ឌាក៏ដូចគ្នាមួយផ្នែកដាំក្នុងស្រុក មួយផ្នែកក៏ត្រូវនាំចូលមកកែច្នៃដែរ ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «អីចឹងកម្ពុជាខ្លួនឯងគឺមានវត្ថុធាតុដើម តែខ្វះខាតមធ្យោបាយកែច្នៃនៅមានតិចតួច ដូចនេះ កម្ពុជាចង់ទាក់ទាញវិនិយោគមកកែច្នៃវត្ថុធាតុដើមដែលមាននៅក្នុងស្រុក។ ចំណុចនេះ វានឹងបង្កើតបានការងារធ្វើ បង្កើតបានតម្លៃបន្ថែមសម្រាប់ផលិតកម្មរបស់យើង អង្ករស្រូវរបស់យើងមិនទាន់បានកែច្នៃអស់នៅឡើយទេ។ ជាមួយនឹងការផលិត នៅសល់ប្រមាណ ៦លាន៦សែនតោន ស្រូវ គិតជាអង្ករ៤,២ លានតោន កាលពីឆ្នាំកន្លងទៅដែលយើងលើសតម្រូវការ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា គោលនយោបាយផលិតកម្មស្រូវនិងនាំចេញអង្កររបស់កម្ពុជា ទើបសម្រេចបានមួយប៉ុណ្ណោះ ក្នុងចំណោមពីរយើងជោគជ័យលើការផលិតកម្ម តែកម្ពុជាមិនជោគជ័យលើការនាំចេញ ១លានតោននៅឡើយ។ សម្ដេចតេជោបានអះអាងថា៖ «យើងនាំចេញបានត្រឹម៥០ ម៉ឺនតោន ទៅ ៦០ម៉ឺនតោនប៉ុណ្ណោះ ដោយសារយើងខ្វះមូលដ្ឋានក្នុងការកែច្នៃទាក់ទងរោងម៉ាស៊ីនកិនស្រូវ ឡសម្ងួត និងដើមទុន »។ សម្តេចតេជោបានអះអាងថា កៅស៊ូរបស់យើងមានច្រើនគឺយើងនាំចេញ កែច្នៃនៅក្នុងស្រុកមានតិចតួច។ ដំឡូងមីរបស់យើងមានជាង២០ លានតោន នាំចេញ ដោយមិនបានកែច្នៃ ចេញជាផលិតផលសម្រេច។ ឥឡូវនេះយើងមានរោងចក្រផលិតស្ករស ដែល ចម្រាញ់ចេញពីអំពៅ ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖ «អីចឹងទេ បើកម្ពុជាអាចទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុកនោះ វានឹងជួយផ្តល់ឱ្យកសិកររបស់យើងមានទីផ្សារ ដោះស្រាយការងារសម្រាប់កូនចៅប្រជាពលរដ្ឋផង បង្កើនតម្លៃបន្ថែមផង សម្រាប់ផលិតផលរបស់យើងផង»។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា សម្រាប់ផ្នែកទី២ដែលយើងចង់បាននៅក្នុងគោលនយោបាយឧស្សាហកម្មនោះគឺឧស្សាហកម្មដែលមានបច្ចេកទេសខ្ពស់ដែលសព្ធថ្ងៃបានធ្វើដំណើរមកបណ្តើរៗ ដូចជាក្រុមហ៊ុនជប៉ុន មីនេបៀ ដែលមុននេះវិនិយោគតែត្រឹម ៣០ លានដុល្លារ ប៉ុណ្នោះ តែឥឡូវកើនឡើងដល់ជិត ១ ពាន់លានដុល្លារទៅហើយ។ ទន្ទឹមនេះ ផលិតមូទ័រ ដោយមានមូលដ្ឋាននៅប្រទេសថៃតែមកផលិតនៅ កម្ពុជា ប៉ុន្តែឥឡូវកម្រិតនៃការផលិតនៅកម្ពុជា គឺមានភាពប្រហាក់ប្រហែលនឹងការផលិតនៅក្នុងប្រទេសថៃដែរ ដោយក្រុមហ៊ុនមានគោលដៅបង្កើតរោងចក្រនៅក្នុងខេត្តពោធិ៍សាត់មួយទៀត ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តអាម៉េរិកមាន Ford ក្រុមហ៊ុនកូរ៉េខាងត្បូងមាន Hyundai ក្រុមហ៊ុនជប៉ុន តូយ៉តា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនឹងបើកនៅពេលខាងមុខ ។ ចំពោះក្រុមហ៊ុនអាល្លឺម៉ង់ក៏មានបំណងនាំយករថយន្តមកដំឡើងនៅកម្ពុជាផងដែរ ហើយយើងស្វាគមន៍ ប៉ុន្តែយើងក៏ត្រូវការផ្តល់ឱ្យអ្នកវិនិយោគនូវអ្នកបច្ចេកទេសអ្នកជំនាញ៕

ប្រភព៖ ក្រសួងព័ត៌មាន