ក្រសួងពាណិជ្ជកម្មថៃ បានចាប់ផ្ដើមយុទ្ធការអំពាវនាវពលរដ្ឋវ័យក្មេងៗ ញ៉ាំបាយឱ្យច្រើនៗ បន្ទាប់ពីការសិក្សាថ្មីៗនេះបានបង្ហាញថា ការប្រើប្រាស់អង្ករនៅក្នុងប្រទេសថៃបានធ្លាក់ចុះ។ លោក Udom Srisomsong អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៨ អត្រានៃការប្រើប្រាស់អង្ករក្នុងចំណោមប្រជាជនថៃ ជាពិសេសក្មេងជំនាន់ក្រោយបានធ្លាក់ចុះពី ១០០ គីឡូក្រាមមក ៧២គីឡូក្រាម សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ”។
ជាមួយគ្នានេះ នៅទីក្រុងបាងកក អត្រានៃការប្រើប្រាស់អង្ករបានធ្លាក់ចុះមកត្រឹមតែ ៥០ គីឡូក្រាមសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។ ដើម្បីទប់ទល់នឹងបញ្ហា នាយកដ្ឋានបានបង្កើតកម្មវិធីមួយឈ្មោះថា “Thai Kids Enjoy Thai Rice” ផ្សព្វផ្សាយនៅតាមសាលារៀនចំនួន ១០ ក្នុងក្រុងបាងកក ព្រមទាំងទៅផ្សារ Chatuchak និង Ramintra ចុងសប្តាហ៍។
លោក Somkiat Makkayathorn ប្រធានកិត្តិយសនៃសមាគមសហគ្រិនអង្ករថៃបានថ្លែងថា៖ «អង្ករថៃត្រូវបានទទួលស្គាល់ជាអន្តរជាតិ»។ លោកបានបន្តថា វាជារឿងសំខាន់សម្រាប់យុវជនជំនាន់ក្រោយក្នុងការទទួលទានអង្ករថៃ ព្រោះមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាវប្បធម៌អង្ករថៃសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


