សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបារាំងជួយវិនិយោគលើការកែច្នៃស្រូវ សម្រាប់នាំចេញ ខណៈកម្ពុជានៅខ្វះម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ
សេដ្ឋកិច្ច February 23, 2023 Khmernote

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញបំណងចង់ឱ្យប្រទេសបារាំងវិនិយោគលើវិស័យកសិកម្ម ផ្នែកកែច្នៃស្រូវ សម្រាប់ការនាំចេញ។ សម្ដេចតេជោ បានលើកឡើងពីបំណងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។

សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម រ៉េមី អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចបានជម្រាបជូនឯកឧត្តម រ៉េមី អំពីកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និង នាំអង្ករចេញពីកម្ពុជា។

សម្ដេចតេជោ បានបន្តថា គោលនយោបាយឧស្សាហកម្មកម្ពុជា ដែលកម្ពុជាចង់បាន គឺឧស្សាហកម្មកែច្នៃសម្រាប់កែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យា។ ជាមួយគ្នានោះដែរ សម្ដេចក៏បាន ស្នើសុំឱ្យភ្នាក់ងារអភិវឌ្ឍន៍បារាំង ឯកឧត្តម រ៉េមី បន្តជួយដល់កម្ពុជា លើចំណុចវិស័យអាទិភាពដែលបារាំងកំពុងតែជួយកម្ពុជាស្រាប់ នោះគឺការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍលើវិស័យទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ និងភ្លើង។

ជាកិច្ចឆ្លើយតប ឯកឧត្តម រ៉េមី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានកត់ត្រាទុកនៅរាល់អ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញ ហើយឯកឧត្តម នឹងធ្វើអន្តរាគមន៍លើបញ្ហាទាំងនេះ៕

អត្ថបទ៖ លីនី