ទីបំផុត! ព្រលានយន្ដហោះតារាសាគរ គ្រោងនឹងបើកការហោះហើរជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ
សេដ្ឋកិច្ច February 22, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អភិបាលរងខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង គ្រោងនឹងបើកការហោះហើររបស់ខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ ដើម្បីជួយជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង» កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ បានសាងសង់រួចរាល់ទាំងស្រុង ១០០ភាគរយហើយ រង់ចាំតែពេលវេលាបើកការហោះហើរប៉ុណ្ណោះ។

សំឡេង « សម្រាប់វឌ្ឍភាពនៃព្រលានយន្តហោះ ព្រលានយន្ត ហោះរបស់ក្រុមហ៊ុន Union Development Group សាងសង់នោះ តំបន់វិស្សមកាល បានបញ្ចប់ការសាងសង់១០០ភាគរយ នៅតែការហោះហើរនៅក្នុងពាក់កណ្តាលឆ្នាំ២០២៣។ ប៉ុន្តែព្រលានយន្តហោះមួយទៀត ដែលវិនិយោគដោយក្រុមហ៊ុន LYP ជាមួយនឹងក្រុមហ៊ុន thai airline រដ្ឋាភិបាលបានផ្តល់ដីសម្បទានសម្រាប់វិនិយោគធ្វើព្រលានយន្តហោះនោះ នៅក្នុងឃុំទួលគគីរ ប៉ុន្តែការចាប់ផ្តើមនោះ មិនទាន់បានទេ ដោយសាររយៈពេលកន្លងមកនេះ មានវិបត្តិកូវីដ១៩ ប៉ុន្តែអាចនឹងចាប់ផ្តើមនៅក្នុងពេលឆាប់ៗនេះផងដែរ ប៉ុន្តែមិនទាន់បានធ្វើអ្វីទេសម្រាប់ព្រលានយន្តហោះទី២នេះ »។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង កាលពីដើមឡើយគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងឆ្នាំ២០២២ ប៉ុន្ដែត្រូវបានពន្យារពេលម្ដងជាពីរដង ដោយសារតែវិបត្តិជំងឺកូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនសាងសង់ជួបបញ្ហាមួយចំនួន។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនចិន ឈ្មោះ Tianjin Union Development Group(UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសរុប រាប់ទាំងព្រលានយន្ដហោះ និងការអភិវឌ្ឍតំបន់ផ្សេងៗទៀតដល់ទៅ៤ម៉ឺន៥ពាន់ហិកតា នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ ។ ការសាងសង់ព្រលានយន្ដ ហោះតារាសាគរ នៅដំណាក់កាលទី១ ដែលចំណាយអស់ថវិកាប្រមាណ ៣៥០លានដុល្លារ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា។

អាកាសយានដ្ឋាននេះ មានសមត្ថភាព អាចផ្ទុកយន្តហោះធុន Boeing 777 និង Airbus A340 ដែលជាប្រភេទយន្តហោះខ្នាតធំ ។ ដោយឡែកក្នុងដំណាក់កាលទី២និងទី៣ គឺត្រូវរង់ចាំមើលកំណើនពី១០ទៅ១៥ឆ្នាំបន្ថែមទៀត ថាតើមានតម្រូវការប៉ុណ្ណា។ បើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត ៕

ប្រភព៖ ក្រសួងព័ត៌មាន