ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនពលករខ្មែរដែលធ្វើធ្វើការនៅប្រទេសកូរ៉េ ជាពិសេសបងប្អូនពលករដែលចប់អាណត្តិ ដោយភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ នេះដោយយោងតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ។
នៅក្នុងកិច្ចពិភាក្សា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្មីៗនេះ ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជូនឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។
ជាងនេះទៅទៀត ភាគីកូរ៉េ សន្យានឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានលើសមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ សូមជម្រាបថា ក្នុងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង៕



អត្ថបទ៖ លីនី


