យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េបានសន្យាថា នឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានច្រើនជាងមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣នេះ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការជ្រើសរើស ទទួលពលករឱ្យបានឆាប់រហ័ស និងឈ្វេងយល់អំពីគម្រោងធ្វើសមាហរណកម្មពលករកម្ពុជាក្រោយពេលត្រឡប់មកមាតុភូមិវិញ។
ឯកឧត្ដមបណ្ឌិត UH SOOBONG បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កន្លងមកថ្មីៗនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រឡាញ់ពេញចិត្តជាខ្លាំង។ ឯកឧត្ដម ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េបានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងថា សាធារណរដ្ឋកូរ៉េជាមិត្តដ៏ល្អ ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា បើទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក្តី សាធារណរដ្ឋកូរ៉េ នៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅទីនោះ ព្រមទាំងមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។
ជាមួយការដែលពលករកម្ពុជាបានវិលត្រឡប់ពីបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិញ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានសង្កេតឃើញថា ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាការងារជូនដល់ពលករកម្ពុជា បានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២៣នេះ ភាគីកូរ៉េសន្យា ផ្តល់កូតាជូនពលករកម្ពុជា ជាងមួយម៉ឺននាក់ទៀតនោះ តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារជូនដល់និយោជកកូរ៉េ ឱ្យកាន់តែមានផលិតភាពខ្ពស់។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញនូវក្ដីរីករាយចំពោះគម្រោង ដែលភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញដល់ពលករបរទេសដែលចប់អណត្តិការងារនៅកូរ៉េ ទទួលបានការបណ្តុះបណ្តាលជំនាញដ៏ជាក់លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនដែរថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារចង់ឱ្យពលករកម្ពុជា ស្ថិតក្នុងអាទិភាពខ្ពស់មួយ ក្នុងចំណោមប្រទេសដទៃទៀត ដែលកូរ៉េគិតថា នឹងធ្វើការជ្រើសរើស៕


ប្រភព៖ ក្រសួងព័ត៌មាន


