តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធាននាធិបតីអាល្លឺម៉ង់ កម្ពុជាមានឱកាសកាន់តែច្រើនក្នុងការនាំចេញទំនិញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុប
សេដ្ឋកិច្ច February 18, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធាននាធិបតីអាល្លឺម៉ង់ ឯកឧត្តម Frank-Walter Steinmeier មកកាន់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាមានឱកាសកាន់តែច្រើនក្នុងការនាំចេញទំនិញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបតាមរយៈប្រទេសអាល្លឺម៉ង់ ដូចជាសម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ការធ្វើដំណើរ កង់ និងផលិតផលកសិកម្មជាដើម។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធាននាធិបតីអាល្លឺម៉ង់ ឯកឧត្តម Frank-Walter Steinmeier មកកាន់ព្រះរាជាណាចក្រកម្ពុជា អាចផ្តល់កម្លាំងចិត្តជាថ្មីដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរទំនិញពាណិជ្ជកម្មទ្វេភាគី ដែលមានតម្លៃជិត ១,២៥ពាន់លាន ដុល្លារ នៅឆ្នាំ ២០២២ ក្នុងអត្រាកំណើន ១/៥ ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានឈ្វេងយល់ពីយុទ្ធសាស្រ្តសេដ្ឋកិច្ចថ្មី និងការពង្រឹងទំនាក់ទំនងនយោបាយ ហើយលើសពីនេះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកាន់តែរីកចម្រើន ។

តាមការអះអាងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញបរិយាកាសវិនិយោគបែបថ្មី ដែលមានភាពងាយស្រួលសម្រាប់វិនិយោគិនអាល្លឺម៉ង់លើគ្រប់វិស័យ ដោយមិនមានការពាក់ព័ន្ធពីដៃគូក្នុងស្រុកណាមួយឡើយ។ ចំពោះវិស័យទេសចរណ៍ តាមរយៈការដកចេញរបាំងនៃការធ្វើដំណើរក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២មក ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៣ លាននាក់ កើនឡើង ១,០៥៩ភាគរយ ដែលក្នុងនោះ ភ្ញៀវទេសចរអាល្លឺម៉ង់មានចំនួនជិត ២៥ ពាន់នាក់ កើនឡើង ២,៦៧៥ភាគរយ ធៀបនឹងឆ្នាំ ២០២១។ ប្រទេសកម្ពុជាគឺជា ប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលបានបើកព្រំដែនរបស់ខ្លួនឡើងវិញទាំងស្រុងសម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅចុងឆ្នាំ២០២២។

ក្រសួងទេសចរណ៍បានឱ្យដឹងថា ជាមួយនឹងគំនិតផ្តួចផ្តើមនៃការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ស្របពេលដែល International Tourismus Borse (ITB Berlin) 2023 បានប្រកាសជាផ្លូវការនូវការវិលត្រឡប់របស់ខ្លួនជាលើកដំបូងចាប់តាំងពីការរាតត្បាតនៃកូវីដ-១៩ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាថ្មីម្តងទៀត ជាមួយនឹងក្រុមហ៊ុនឯកជនកម្ពុជាចំនួន ១២ រួមមាន ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ក៏ដូចជាគម្រោងវិនិយោគទេសចរណ៍ ដែលនឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី០៧-០៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Messe Berlin ប្រទេសអាល្លឺម៉ង់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកទស្សនា “កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” សុវត្ថិភាព ស្អាត និងបៃតង៕

ប្រភព៖ ក្រសួងព័ត៌មាន