ខេត្តព្រះវិហារកំពុងតែរៀបចំខ្លួននៅក្នុងគោលដៅចំបងប្រែក្លាយទៅជាខេត្តកសិកម្មសរីរាង្គមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមប្រសាសន៍ឯកឧត្តម គឹម រិទ្ធី អភិបាល ខេត្តព្រះវិហារ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
ឯកឧត្តម បានមានប្រសាសន៍ថា វិស័យកសិកម្មគឺជាវិស័យដ៏មានសក្តានុពលចំបងនៅខេត្ត ហើយគួបផ្សំនឹងធនធានដែលកំពុងតែមាន ដូចជាស្រូវសរីរាង្គ ស្វាយចន្ទីសរីរាង្គ ក៏ដូចជាកសិផលផ្សេងៗរួមទាំងដំឡូងមីសីរាង្គដែលកំពុងតែទទួលបានការស្វាគមន៍ស្រាប់ ខេត្តមានបំណងជំរុញឲ្យកសិករនៅទូទាំងខេត្តប្រែក្លាយផលិតផលរបស់ខ្លួនទៅជាកសិកម្មសរីរាង្គ ។
ឯកឧត្តមបានបន្ថែមថា ផលិតផលកសិកម្មសរីរាង្គគឺជាផលិតផលដែលអាចទទួលបានតម្លៃបន្ថែម ហើយកសិករយើងអាចលក់ផលិតផលបានថ្លៃជាងផលិតផលកសិកម្មដែលប្រើថ្នាំឫជីគីមី ទោះបីជាផលិតផលតាមបែបសរីរាង្គទទួលបានទិន្នផលទាបជាងកសិកម្មប្រើជីនិងថ្នាំគីមីកសិកម្មក៏ដោយចុះ ។
ឯកឧត្តមបានបញ្ជាក់ថា “ តាមការសិក្សារបស់យើងឃើញថា ផលិតផលសរីរាង្គ គឺអាចឲ្យកសិករយើងលក់បានថ្លៃជាងផលិតផលកសិកម្មធម្មតាប្រមាណជា ពី ២០ ទៅ ៥០ ភាគរយ ហើយផលិតផលខ្លះគឺសឹងតែ១០០ភាគរយឯណោះ “ ។ ឯកឧត្តមបានបន្តថា តាមការសិក្សាជំហ៊ានដំបូងនេះយើងឃើញថា ខេត្តព្រះវិហារយើងមានសក្តានុពលច្រើនលើផ្នែកកសិកម្មសរីរាង្គនេះ ដោយមកដល់ពេលនេះ កសិករនៅក្នុងខេត្តយើង ភាគច្រើនគឺបង្កបង្កើនផលតាមលក្ខណៈប្រពៃណីនិងជាលក្ខណៈគ្រួសារច្រើន ។
ឯកឧត្តមបានបន្ថែមថា “ ដោយឃើញចំណុចនេះខ្ញុំក៏បានដាក់គោលដៅជាមួយនឹងសហការី ចង់ប្រែក្លាយទៅជាខេត្តសរីរាង្គ “ ។ ឯកឧត្តមបានបន្ថែមថា តាមទស្សនាទាននេះ យើងត្រូវតែជំរុញឲ្យភូមិទាំងអស់ ក្លាយជាភូមិសីរាង្គ ហើយយើងកំពុងតែជំរុញឲ្យភូមិនីមួយៗក្លាយជាភូមិសរីរាង្គ ។ នៅពេលដែលភូមិនីមួយៗក្លាយជាភូមិសីរាង្គហើយនោះ ខេត្តព្រះវិហារនឹងក្លាយទៅជាខេត្តសរីរាង្គតែម្តង ។
ដើម្បីឲ្យគោលដៅនេះជោគជ័យ ខេត្តកំពុងតែជំរុញនិងលើកទឹកចិត្តអោយក្រុមហ៊ុនឯកជន ធ្វើការបញ្ជាទិញមកដល់កម្រិតភូមិនិងសហគមន៍ ពោលគឺជំរុញការបើកទីផ្សារឲ្យប្រជាពលរដ្ឋ ។ ឯកឧត្តមបានបញ្ជាក់ថា មកដល់ពេលនេះខេត្តព្រះវិហារមានសហគមន៍សរីរាង្គសរុបចំនួន ៤៣ សហគមន៍រួចហើយ ដែលកំពុងតែដំណើរការអភិវឌ្ឈន៍និងបង្កបង្កើនផលកសិកម្មតាមកិច្ចសន្យា ។
តាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា ឧបសគ្គចំបងនៃគោលដៅសរីរាង្គនេះ គឺការប្រកួតប្រជែងនៅលើទីផ្សារ ដោយសារតែទិន្នផលកសិកម្មសរីរាង្គ គឺជាទូទៅទាបជាងទិន្នផលនៃការអនុវត្តកសិកម្មតាមការប្រើប្រាស់ជីនិងថ្នាំគីមី ដូចនេះហើយបានជាយើងទាមទារឲ្យមានការលើកទឹកចិត្តនិងជំរុញការលើកកំពស់តម្លៃ ប៉ុន្តែខ្ញុំសប្បាយចិត្តដែរទន្ទឹមនឹងឧបសគ្គនេះ គឺដោយសារតែប្រជាជនបច្ចុប្បន្នបារម្ភអំពីសុខភាព ។
ឯកឧត្តមបានបន្ថែមថា សាធារណៈជនទូទៅនៅពេលនេះចង់ហូបបន្លែធម្មជាតិ គឺយើងទាំងអស់គ្នាមិនចង់ហូបបន្លែដែលមានថ្នាំពុលនោះទេ ហើយចង់ហូបអង្កក៏ចង់ហូបអង្កធម្មជាតិ ដែរ ដូច្នេះប្រជាជននៅពេលនេះ ឲ្យតែបានរបស់ធម្មជាតិទោះបីជាត្រូវចំណាយខ្ពស់បន្តិចមែន ក៏គាត់សុខចិត្តដែរដើម្បី សុខភាព ដែលនេះក៏ជាឱកាសមួយលើកកំពស់ផលិតផលរបស់យើងផងដែរ ។
ឯកឧត្តមបានបន្តថា ចំណុចសំខាន់មួយទៀតនោះ គឺយើងត្រូវរៀបចំគិតគូរអំពីស្តងដា មួយដែលសមស្របសម្រាប់ធានាជូនប្រជាពលរដ្ឋទូទៅ ។
ពាក់ព័ន្ធនឹងសក្តានុពលកសិកម្មនៅខេត្តព្រះវិហារ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានមានប្រសាសន៍ថា កសិកម្មគឺជាវិស័យស្នូលរបស់ ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល។
លោកបានមានប្រសាសន៍ថា ខេត្តព្រះវិហារមានប្រជាពលរដ្ឋប្រមាណជាជិត ៨០ ភាគរយពឹងអាស្រ័យនៅលើវិស័យកសិកម្ម។ ដំណាំសំខាន់ៗ គឺមានស្រូវ ដែលមានផ្ទៃដីប្រមាណជា ១០០ ០០០ ហិចតា ដំឡូងមី ដែលមានផ្ទៃដីប្រមាណជា ៣០ ០០០ ហិចតា ស្វាយចន្ទីជាង ១៧ ០០០ ហិចតា ក្រៅពីនោះ គឺមានកៅស៊ូប្រមាណជា ២០ ០០០ ហិចតា ចេក ៨ ០០០ ហិចតា សណ្តែក បន្លែ ធុរេនជាដើម ។
លោកបានមានប្រសាសន៍ថា ខេត្តព្រះវិហាផលិតផលកសិកម្ម ដែលកំពុងតែទទួលបានការទទួលស្គាល់ទាំងក្នុងស្រុក និង បរទេសនោះ គឺស្រូវសរីរាង្គ ដែលកំពុងតែបង្កបង្កើនផលដោយកសិករប្រមាណជា ជាង ១០ ០០០ គ្រួសារ ក្រៅពីនោះមានចេក ដែលបាននាំមកលក់ដល់ភ្នំពេញ និង នៅខេត្តសៀមរាប។




