យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ នេះ អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺការរីកដុះ ដាល នៃសំណង់អគារខ្ពស់ៗ ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស, កំពង់ផែសមុទ្រទឹកជ្រៅ, និងការអភិវឌ្ឍនៅតាមបណ្ដាកោះនានាទូទាំងខេត្ត ផងដែរ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មានកាលពីថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សំណង់អគារសរុបក្នុងខេត្តព្រះសីហនុ មានចំនួន ១ ០០៦អគារ និងមានកោះ ចំនួន៣០ ថ្មប៉ប្រះទឹក ចំនួន២។
ការអនុវត្តគម្រោងវិនិយោគទូទាំងខេត្តមានចំនួន ១ ១៨៦គម្រោង ក្នុងនោះបានបញ្ចប់ ៥៩៥គម្រោង។ ឯកឧត្តមក៏បានលើកឡើងថា ក្នុងនោះផងដែរ រាជរដ្ឋាភិបាល បានផ្ដល់ការវិនិយោគ ទៅលើកោះ និងឆ្នេរ ដល់ក្រុមហ៊ុនចំនួន ២៧ ដែលមានទុនវិនិយោគសរុប ៨.៩០០,៥៧០, ២៥១ដុល្លារអាមេរិក និងមានគម្រោងវិនិយោគទៅលើ វិស័យឧស្សាហកម្ម ដោយការកែច្នៃម្ហូបអាហារ ដែលមានទុនវិនិយោគសរុប ១ ៧៥៣ ៩០០ដុល្លារអាម៉េរិក។
ជាមួយគ្នានោះដែរឯកឧត្តម លើកឡើងថា បច្ចុប្បន្នខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន១១តំបន់ ក្នុងនោះមាន៣តំបន់ ដែលមានរោងចក្រកំពុងដំណើរការ និងរោងចក្រសរុបចំនួន ២៣៩រោងចក្រ។ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា រោងចក្រក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួនសរុប ១៦៨រោងចក្រ និងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួនសរុប៧១រោងចក្រ មានកម្លាំងពលកម្មសរុបចំនួន ៣៤ ៤៧៩នាក់ មានទុនវិនិយោគសរុបចំនួន ២,២១១,៦៧ ១,០០០ដុល្លារអាម៉េរិក។
ដោយឡែកសម្រាប់វិស័យឧស្សាហកម្មធុនតូច (សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម) ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា មានសហគ្រាស និងសិប្បកម្ម សរុបចំនួន១ ២១៣មូលដ្ឋាន ក្នុងនោះមានកម្លាំងពលកម្ម ៦ ២៣១នាក់ មានទុនវិនិយោគ ២៦,៦៩៩,៦១៩ដុល្លារអាម៉េរិក។
បើតាមឯកឧត្តមអភិបាលខេត្តបានលើកឡើងថា អត្រាប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋមា្នក់ៗនៅខេត្តព្រះសីហនុ មានចំនួន ៤,១៨០ដុល្លារអាម៉េរិក និងមានអត្រាកំណើនសេដ្ឋកិច្ច ៦.៨ភាគរយ ដែលធ្វើឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ថយចុះមកត្រឹម ១.៨៦ភាគរយ នៅឆ្នាំ២០២២។
ឯកឧត្តមអភិបាលខេត្តបន្ថែមទៀតថា ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្ម, ពាណិជ្ជកម្ម, ទេសចរណ៍, និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ របស់រាជរដ្ឋាភិបាល។ សក្តានុពលរួមមាន៖ កំពង់ផែសមុទ្រទឹកជ្រៅ, តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១ទីតាំង (៣កំពុងដំណើរការ និង៨ត្រៀមដំណើការ), អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមជា «តារារៈនាទិសនិរតី» ៕



ប្រភព៖ ក្រសួងព័ត៌មាន


