កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី១ លើការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba ក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអនឡាញបរទេស។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានសហការជាមួយវិស័យឯកជន ដោយបាននាំចេញផ្លៃមៀនទៅប្រទេសចិនដោយដាក់លក់នៅលើថ្នាលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Alibaba ដែលជាលទ្ធផល ត្រឹមតែរយៈពេលតែ ៣ ថ្ងៃ ប៉ុណ្ណោះ ផ្លែមៀនរបស់កម្ពុជាលក់បានរហូតដល់ ១៨ តោន។
សូមបញ្ជាក់ផងដែរថា តាមរយៈការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មបានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Alibaba ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ហើយជាលទ្ធផលបឋម ក្រុមការងារបានចូលរួមប្រជុំចំនួនបីលើក ជាមួយក្រុមហ៊ុន Alibaba រហូតដល់ឈានដល់ការសម្រេចនូវសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់គ្នានេះ៕




អត្ថបទ៖ លីនី


