យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការណែនាំឱ្យវិនិយោគិនចិន ចាប់យកឱកាសបណ្តាក់ទុនវិនិយោគនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលនឹងត្រូវកំណត់ជាប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសកម្ពុជាដែលគ្របដណ្តប់លើខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង ខេត្ដប៉ៃលិន ជាតំបន់ដែលមានសក្ដានុពលទាំងស្រូវទាំងត្រី។ ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងវេទិកា ជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ ច៣រួចមកហើយគឺរាជធានីភ្នំពេញ គឺជាប៉ូលសេដ្ឋកិច្ចទីមួយ ប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជាគឺខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី៣ គឺខេត្តសៀមរាប ហើយប៉ូលសេដ្ឋកិច្ចទី ៤ គ្របដណ្ដប់លើខេត្តចំនួន ៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង ខេត្តប៉ៃលិន។ សម្ដេចតេជោលើកឡើងថា៖ «ការបង្កើតឡើងច្រករបៀងហៅថា”មច្ឆា និងអង្ករ” ឬហៅសាមញ្ញថា ត្រី និងអង្ករ នៅទិសភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ ហើយព្រឹកមិញ ខ្ញុំបាននិយាយជាមួយឯកឧត្តម ស៊ី ជីនពីង ថាខ្ញុំមានបំណងដាក់ខេត្តភាគពាយ័ព្យប្រទេសទៅជាតំបន់ប៉ូសេដ្ឋកិច្ចទី៤ ។ តំបន់នេះជាតំបន់ ដែលមានសក្ដានុពលទាំងស្រូវ ទាំងត្រី ហើយតំបន់នេះក៏មានការវិនិយោគយ៉ាងច្រើនរបស់មិត្តចិនដែលក្នុងនោះមានខេត្តចំនួន ៤ ដែលត្រូវបានគ្របដណ្ដប់ជាប៉ូលសេដ្ឋកិច្ចទី ៤»។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងថា មិត្តចិនបានវិនិយោគសម្រាប់វារីអគ្គិសនីច្រើនកន្លែងរាប់រយមេហ្គារ៉ាត់នៅខេត្តពោធិ៍សាត់ រួចស្រេចទៅហើយ ។ បន្ថែមទាំងនោះផ្លូវលេខ ៥៥ ផ្លូវលេខ ៥៧ និងផ្លូវដទៃទៀតដែលភ្ជាប់ខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ ភ្ជាប់ទៅតំបន់មាត់សមុទ្រក្នុងខេត្តកោះកុង ហើយទីកន្លែងហ្នឹង នឹងក្លាយទៅជាកន្លែងទាក់ទាញ និងការវិនិយោគ សម្រាប់ពេលខាងមុខ។ ទន្ទឹមនេះ បូករួមជាមួយនឹងប្រព័ន្ធធារាសាស្រ្តធំ និងមធ្យមយ៉ាងច្រើនជាមួយនឹងមច្ឆាជាតិនៅក្នុងបឹងទន្លេសាបរបស់យើង និងបន្ថែមទៅដោយវារីវប្បកម្មនាពេលអនាគតវានឹងក្លាយទៅជាតំបន់ប្រកបដោយសក្តាលុពលប្រកបដោយការទាក់ទាញ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា តំបន់នេះនឹងក្លាយទៅជាតំបន់អភិវឌ្ឍន៍ប្រកបដោយសក្ដានុពល ដែលសម្តេចសង្ឃឹមថា អ្នកវិនិយោគទាំង កម្ពុជាក្តី ទាំងមិត្តចិនក្តី អាចចាប់យកឱកាសនៅតំបន់នោះទៅជាតំបន់កែច្នៃ ឬជាតំបន់វិនិយោគផ្សេងៗទៀតដែលអាចទៅរួច។ សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងបន្ដថា៖ «នេះជាចំណុចដែលខ្ញុំសូមចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីស្វែងរកឱកាសថ្មីដែលថ្ងៃនេះ ទើបតែពិភាក្សារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរហើយ តែមិនមែនពិភាក្សា ហើយយកទៅទុកក្នុងកាបូបរបស់ខ្ញុំចោលនោះទេ។ តែខ្ញុំសុំផ្សព្វផ្សាយជូនអ្នកទាំងអស់គ្នាដើម្បីចូលរួមអភិវឌ្ឍន៍នូវគម្រោងការដែលមេ ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា»។
ជាមួយគ្នានេះ នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្ដម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នារសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ មេដឹកនាំនៃប្រទេសទាំងពីបានឯកភាពគ្នាសិក្សាបង្កើត(ច្រករបៀងមច្ឆានិងអង្ករ)អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ីទំនើប ពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើប ស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀត ។
សូមរម្លឹកផងដែរថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនបានកើនឡើងគួរឱ្យកត់សម្គាល់គឺកើនលឿនជាងទំហំគោលដៅដែលបានកំណត់ដោយរដ្ឋាភិបាល ប្រទេសទាំងពីរ។ ក្នុងឆ្នាំ២០២២ តួលេខនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានរហូតទៅដល់ ១៤ ៥០០ លានដុល្លារអាម៉េរិក ដែលមានកំណើនរហូតដល់១៩ភាគរយ៕


ប្រភព៖ ក្រសួងព័ត៌មាន


