លេចធ្លោណាស់! ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសជិត ៤០០កន្លែង និងកម្មករនិយោជិតជាង ១៥ម៉ឺននាក់
សេដ្ឋកិច្ច February 10, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសជិត ៤០០កន្លែង និងកម្មករនិយោជិតជាង ១៥ម៉ឺននាក់ ដែលជាប្រភពការងារសម្រាប់បង្កើតចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក (២០១៨-២០២២) របស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស ៣៨៣កន្លែង ដែលបានផ្ដល់ការងារឱ្យកម្មករនិយោជិតជាង ១៥ម៉ឺននាក់ ក្នុងនោះស្រីមានជាង ១១ម៉ឺននាក់ ដែលបានជួយលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងធ្វើឱ្យអត្រានៃភាពក្រីក្រថយចុះ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងចំណោមរោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងនេះ មានវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ១៨៩កន្លែងមានកម្មករនិយោជិតជាង ១៤ម៉ឺននាក់ ក្នុងនោះស្រីមានជាង ១១ម៉ឺននាក់។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ចំពោះរោងចក្រធុនធំមានចំនួន ២២៩មូលដ្ឋាន ដែលប្រើប្រាស់កម្លាំងពលកម្មជាង ១៣ម៉ឺននាក់ ក្នុងនោះស្រីជាង ១០ម៉ឺននាក់ និងប្រើប្រាស់ទុនវិនិយោគសរុបជិត ១៧១៥លានដុល្លារអាមេរិក។ ចំណែកឯរោងចក្រធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួន ១ ១៣០មូលដ្ឋាន ដោយប្រើប្រាស់កម្លាំងពលកម្មជាង១ម៉ឺននាក់ ក្នុងនោះស្រី ៧៧០០នាក់ ដែលប្រើទុនវិនិយោគជាង ២៦លានដុល្លារអាមេរិក។

« ក្នុងក្របខ័ណ្ឌកំពង់ស្ពឺ ប្រសិនបើគ្មានរោងចក្រសហគ្រាស ប្រជាពលរដ្ឋយ៉ាងច្រើននាក់ ដែលត្រូវប្រឈម ជាមួយនឹងបញ្ហាកង្វះការងារ។ ប្អូនដឹងហើយ តែកង្វះការ ងារធ្វើយើងអត់មានប្រាក់ចំណូល រួចតែអត់មានប្រាក់ចំណូលអ៊ីចឹងការកាត់បន្ថយភាពក្រីក្រធ្វើម៉េចកើត ព្រោះវាអត់មានប្រាក់ចំណូលផង។អ៊ីចឹងវាជាទស្សនៈវិស័យដែលរាជរដ្ឋាភិបាលជាពិសេសប្រមុខដឹកនាំលោកខិតខំស្វែងរកសន្តិភាព កៀរគរអ្នកវិនិយោគ ឱ្យចូលមកវិនិយោគនៅទឹកដីខេត្តកំពង់ស្ពឺ »។

គួរជម្រាបថា ខេត្តកំពង់ស្ពឺ មានផ្ទៃដីសរុបមានចំនួន ៦.៩៦៥៦៣គីឡូ ម៉ែត្រក្រឡា ប្រជាជនសរុប ៩១៧.២៧៧នាក់ ស្មើនឹង ២២២.២៥៧គ្រួសារ។ ទំហំសេដ្ឋកិច្ចខេត្តមានចំនួនប្រមាណ ១.៦១២លានដុល្លារ ស្មើនឹង ៥,៩៥% នៃសេដ្ឋកិច្ចជាតិ។ ក្នុងឆ្នាំ២០២១ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗមានចំនួន ១.៨៣៤ដុល្លាអាមេរិក បើប្រៀប ធៀបនឹងឆ្នាំ២០១៨ មានការកើន ឡើងចំនួន ២,៥៦%។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺស្ថិត នៅផ្នែកនិរតីនៃប្រទេសកម្ពុជា ចន្លោះប៉ូលសេដ្ឋកិច្ចធំពីរ គឺ រាជធា នីភ្នំពេញ និង ខេត្តព្រះសីហនុ។ ខេត្តកំពង់ស្ពឺមានព្រំប្រទល់ខាង លិចជាប់ខេត្តកោះកុង និងខេត្តព្រះសីហនុ ខាងកើត ជាប់ខេត្ត កណ្តាល និងខេត្តតាកែវ ខាងជើងជាប់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍ សាត់ ខាងត្បូងជាប់ ខេត្ត តាកែវ និងខេត្តកំពត។ ខេត្តកំពង់ស្ពឺចែកជា ១ក្រុង និង ៧ស្រុក សង្កាត់ចំនួន៥ ឃុំចំនួន៨៣ ភូមិចំនួន១.៣៧៩ភូមិ៕

ប្រភព៖ ក្រសួងព័ត៌មាន