សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមហ៊ុននាំមុខគេមួយរបស់ចិនសិក្សាពីគម្រោង វិនិយោគផ្លូវល្បឿនលឿនធុនស្រាល និងផ្លូវរថភ្លើងធុនស្រាលនៅភ្នំពេញ
សេដ្ឋកិច្ច February 10, 2023 Khmernote

កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន០៣ របស់ប្រទេសចិនជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ ក្រុមហ៊ុន ​Beijing Urban Construction Group និង​ក្រុមហ៊ុន ​China Metro Group ។

ក្នុងឱកាសនោះ សម្ដេចតេជោ បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធុនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។ ជាមួយ នឹងទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លេីង ល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។

ជាមួយគ្នានេះ ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ។ ក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក៕

អត្ថបទ៖ លីនី