លោក Joko Widodo ជឿជាក់ខ្លាំងថា Tesla នឹងមកវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី
សេដ្ឋកិច្ច February 3, 2023 Khmernote

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo មានទំនុកចិត្តថា ក្រុមហ៊ុន Tesla នឹងបញ្ចប់កិច្ចព្រមព្រៀងមួយក្នុងការវិនិយោគលើរោងចក្រផលិតរថយន្តនៅក្នុងប្រទេសរបស់គាត់ ខណៈឥណ្ឌូនេស៊ីបានផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះជាច្រើន រាប់ចាប់ពីការបន្ធូរបន្ថយពន្ធរហូតដល់សម្បទានរ៉ែនីកែល។

លោក Jokowi បាននិយាយថា៖ “គាត់មានទំនុកចិត្តថា ប្រទេសឥណ្ឌូនេស៊ីមានប្រៀបជាងប្រទេសផ្សេងទៀត ដែលធ្វើឱ្យក្រុមហ៊ុន Tesla កំពុងពិចារណាសម្រាប់ការវិនិយោគ ព្រោះប្រទេសនេះមានទុនបម្រុងនីកែលធំបំផុត និងទីផ្សារក្នុងស្រុកដ៏ធំមួយផងដែរ”។ លោក បានបន្តថា៖ ឥណ្ឌនេស៊ី នឹងផ្តល់​សម្បទាន​នីកែល រួមទាំងការលើកទឹកចិត្តផ្សេងទៀតដូចជា ការបន្ធូរបន្ថយពន្ធ និងគម្រោងឧបត្ថម្ភធនលើការទិញរថយន្តអគ្គិសនី ដើម្បីកសាងទីផ្សារសម្រាប់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ពិភពលោក។

គួរបញ្ជាក់ផងដែរថា លោក Joko Widodo បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិ Tesla លោក Elon Musk ពីរដងរួចមកហើយនៅឯ SpaceX ក្នុងរដ្ឋតិចសាស់កាលពីឆ្នាំមុន និងការទាក់ទងតាមទូរស័ព្ទដើម្បីព្យាយាមរក្សាកិច្ចព្រមព្រៀង។ ជាមួយគ្នានេះ ឥណ្ឌូនេស៊ីបាននឹងកំពុងទាក់ទាញក្រុមហ៊ុន Tesla ឱ្យវិនិយោគលើការផលិតអាគុយ និងរថយន្តចាប់តាំងពីឆ្នាំ២០២០ ដោយស្វែងរកការបង្កើនទុនបម្រុងរ៉ែនីកែលដ៏សម្បូរបែបរបស់ខ្លួន ដែលអាចកែច្នៃសម្រាប់ប្រើប្រាស់ក្នុងអាគុយអគ្គិសនី៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia