យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ លើម៉ាកទំនិញចំនួន៣មុខបន្ថែមមានដូចជា អំបិល និងផ្កាអំបិលកំពត, បង្កងតាកែវ និងទឹកត្រីកំពត ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈប្រហុកសៀមរាប ក៏កំពុងគិតគូរចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា «អំបិល និងផ្កាអំបិលកំពត» ក្នុងខេត្តកំពត និងខេត្តកែប, «បង្កងតាកែវ» ក្នុងខេត្តតាកែវ, «ទឹកត្រីកំពត» ក្នុងខេត្តកំពត និងខេត្តកែប និងក្តាមថ្មកោះកុង ក្រសួងពាណិជ្ជកម្មកំពុង បន្ដអនុវត្តគម្រោងចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ បន្ថែមពីនេះផលិតផល «ប្រហុកសៀមរាប» ក៏កំពុងតែគិតគូរចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញផងដែរ។
កន្លងមកក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញជាច្រើនប្រភេទរួមមាន ស្ករត្នោតកំពង់ស្ពឺ, ម្រេចកំពត, ទឹកឃ្មុំព្រៃមណ្ឌលគីរី និងក្រូចថ្លុងកោះទ្រង់ជាដើម។
បើតាមឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដទំនិញ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកត់សំគាល់ជាទំនិញមានគុណភាព មានតម្លៃខ្ពស់ មានតម្រូវការទីផ្សារ ហើយនឹងក្លាយជាទំនិញមានការយកចិត្តទុកដាក់ ពីទីផ្សារអន្ដរជាតិទាក់ទាញការនាំចេញ មានការបញ្ជាទិញច្រើន និងជួយលើកមុខមាត់ប្រទេសកម្ពុជា លើទីផ្សារអន្ដរជាតិ ជាប្រទេសដែលមានទំនិញសម្គាល់ភូមិសាស្រ្ដមានរសជាតិឆ្ងាញ់ និងមានកេរ្ដិ៍ឈ្មោះល្អ៕




ប្រភព៖ ក្រសួងព័ត៌មាន


