តម្លៃខ្ទឹមក្រហម និងខ្ទឹមបារាំង នៅក្នុងប្រទេសហ្វីលីពីន បានហក់ឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ធ្វើឱ្យខ្ទឹមទាំងនោះ បានក្លាយជារបស់ប្រណីតមួយនៅក្នុងប្រទេស រហូតដល់គូស្វាមីភរិយាថ្មីថ្មោងមួយសម្រេចយកខ្ទឹមក្រហមកាន់ ជំនួសឱ្យបាច់ផ្កា។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។
បើតាមប្រភពដដែល តម្លៃខ្ទឹមក្រហម និងខ្ទឹមបារាំង បានឡើងដល់ ៨០០ប៉េសូ (ជិត ១៥ ដុល្លារ) ក្នុងមួយគីឡូក្រាមនៅផ្សារទំនើបក្នុងទីក្រុងម៉ានីល ពោលមានតម្លៃថ្លៃជាងសាច់មាន់ និងសាច់ជ្រូកទៅទៀត។ ការកើនឡើងមិនធ្លាប់មាននេះ បណ្ដាលមកពីទិន្នផលមិនល្អ ការចំណាយខ្ពស់ ការវិនិយោគមិនគ្រប់គ្រាន់ក្នុងប្រព័ន្ធធារាសាស្រ្ត និងគ្រឿងចក្រ កង្វះលទ្ធភាពប្រើប្រាស់កន្លែងស្តុកទឹកត្រជាក់ និងផ្លូវពីកសិដ្ឋានទៅទីផ្សារ និងព្យុះទីហ្វុងដែលបំផ្លាញដំណាំបានជះឥទ្ធិពលដល់វិស័យនេះជាយូរមកហើយ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលហ្វីលីពីនជួបប្រទះនឹងការខ្វះខាតស្បៀងអាហារជាមូលដ្ឋាន ដែលបណ្តាលឱ្យតម្លៃកើនឡើង ពោលពេលកន្លងមក ស្ករ អំបិល និងអង្ករ ក៏ធ្លាប់ឡើងថ្លៃដែរ។ ជាមួយគ្នានេះ យោងតាមទិន្នន័យផ្លូវការប្រជាជនហ្វីលីពីនទទួលទានខ្ទឹមជាមធ្យម ២.៣៤ គីឡូក្រាមក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្ន តម្លៃខ្ទឹមបានកើនឡើងទ្វេដង លើសពីប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


