ប្រជាពលរដ្ឋចិនស្រឡាញ់ និងចង់ទស្សនាប្រាសាទអង្គរវត្តខ្មែរ ខណៈចិនទីផ្សារទេសចរណ៍ដ៏សំខាន់របស់កម្ពុជា
ទេសចរណ៍ January 31, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ប្រជាពលរដ្ឋចិនស្រឡាញ់និងចង់ទស្សនាប្រាសាទអង្គរវត្តខ្មែរ ខណៈចិនទីផ្សារទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្រៅពីតំបន់ទេសចរ ណ៍សំខាន់ៗរបស់កម្ពុជា ដូចជា ក្រុងព្រះសីហនុ រាជធានីភ្នំពេញ ប្រាសាទអង្គរវត្តគឺជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ភ្ញៀវទេសចរអន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍតំបន់ទេសចរណ៍កាន់ តែស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរក្រោយពីវិបត្តិកូវីដ១៩។

« ខេត្តសៀមរាបតំបន់អង្គរឥឡូវមិនដូចមុនទេ គឺស្អាតណាស់ រាជរដ្ឋាភិបាលបានរៀបចំ រាជរដ្ឋាភិបាលបានធ្វើផ្លូវនៅតំបន់សៀមរាប តំបន់អង្គរវត្តជាតំបន់សម្រាកលំហែ ជាកន្លែងដែលទាក់ទាញ។ ខ្ញុំដឹងថា បងប្អូនជនជាតិចិនគាត់ចូលចិត្តអង្គរវត្ត»។

ឯកឧត្តម ថោង ខុន បញ្ជាក់ថា កម្ពុជារីករាយក្នុងការត្រៀមទទួលទេសចរចិន និងភ្ញៀវអន្តរជាតិផ្សេងៗទៀតឱ្យកម្ពុជាកាន់តែច្រើនបន្ទាប់ពីពិភព លោកបានធូរស្បើយកូវីដ១៩។ សូមរម្លឹកថា មុនពេលផ្ទុះឡើងនូវជំងឺកូវីដ១៩ភ្ញៀវទេសចរចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេរបស់កម្ពុជា។ ពោលគឺនៅឆ្នាំ ២០២២កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ២ លាន៣សែននាក់ក្នុងនោះភ្ញៀវចិនមានជាង១០ម៉ឺននាក់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយតាមការព្យាករណ៍កម្ពុជារំពឹងថា ក្នុងឆ្នាំ២០២៣នេះ នឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិជាង ៤.៣លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនអាចមានចំនួនប្រមាណ ២លាននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន