ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ កំពុងកៀរគរអ្នកវិនិយោគលើវិស័យធំជាច្រើន ដូចជា កសិកម្ម និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត
សេដ្ឋកិច្ច January 31, 2023 Khmernote

ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) បានលើកឡើងថា កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀតជាពិសេស លើវិស័យបច្ចេកទេស ឌីជីថល កសិកម្ម និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ។ ដំណឹងនេះ ត្រូវបានលើកឡើងដោយលោក YU Jeoung Yeol ប្រធាន ទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្កិ ក៏បានសំណូមពរឱ្យភាគីកូរ៉េ ជួយវិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត ដើម្បីជំរុញការនាំចេញកសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជាជូនប្រជាជនកូរ៉េ។

ជាកិច្ចឆ្លើយតប លោកប្រធាន YU Jeoung Yeol បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ថា KOTRA មានជំនឿយ៉ាងមុតមាំ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ហើយដែលអាចជំរុញឱ្យមានការកើនឡើងនៅកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។ លោកប្រធាន បន្តថាបច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយ KOTRA កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀតជាពិសេស លើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ៕

អត្ថបទ៖ លីនី