បារាំង ចាប់អារម្មណ៍ក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿននៅកម្ពុជា
សេដ្ឋកិច្ច January 27, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ប្រទេសបារាំង បានផ្ដល់ចំណាប់អារម្មណ៍ក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿន និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងប្រទេសកម្ពុជា។ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញនៅក្នុង សម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក François Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន និងសហការី។

ថ្លែងក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការតភ្ជាប់ បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបាន និងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លង ទៅបួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) និងធ្វើសមាហរណកម្មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។

រំលេចជាពិសេសនៅក្នុងជំនួបនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបពីគម្រោងជាប្រវត្តិសាស្រ្ត ដែលកម្ពុជាទើបសម្រេចបានគឺ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងធំៗជាច្រើនដែលកំពុងសិក្សារួមមាន៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាដើម។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail និងបានស្នើឱ្យគណៈប្រតិភូបារាំង ពិនិត្យលទ្ធភាពឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ជាកិច្ចឆ្លើយតប គណៈប្រតិភូបារាំង បានចូលរួមមតិយ៉ាងផុសផុល និងបានផ្ដល់ចំណាប់អារម្មណ៍ក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿន និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងប្រទេសកម្ពុជា ដែលនេះបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងបារាំង ឱ្យកាន់តែប្រសើរឡើងថែមទៀត។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះនឹងជួយពង្រីកនូវទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុនធំៗរបស់ប្រទេសបារាំង ដែលវិនិយោគលើគ្រប់វិស័យ រួមមានវិស័យធនាគារជាដើមឱ្យកាន់តែមានភាពជិតស្និទ្ធ ហើយក្នុងនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី និងក្រុមហ៊ុនធំៗរបស់បារាំងបានឯកភាពនឹងពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែកលើផ្លូវថ្នល់ (Tramways) ដើម្បីអាចមានលទ្ធភាពយកការសិក្សារួមគ្នានាពេលកន្លងមកអនុវត្តបន្ត៕

អត្ថបទ៖ លីនី