ទីក្រុងបាត់ដំបង កំពុងប្រែក្លាយជាទីក្រុងឆ្លាតវៃ មិនឱ្យចាញ់ទីក្រុងភ្នំពេញ និងសៀមរាប
សេដ្ឋកិច្ច January 26, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន រដ្ឋបាលខេត្តបាត់ដំបង កំពុងតែរៀបចំកែប្រែក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) នៅថ្ងៃអនាគត តាមរយៈការរៀបចំឱ្យមានបច្ចេកវិទ្យាទំនើប នៅតាមសាធារណៈជាដើម ដើម្បីលើកម្ពស់ទីក្រុងបាត់ដំបងឱ្យមានភាពទាក់ទាញជាមុន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា៖ “ខេត្តដំបង ជាក្រុងមួយក្នុងចំណោមទីក្រុងចំនួន ៣ នៃព្រះរាជាណាចក្រកម្ពុជារួមមាន ក្រុងបាត់ដំបង ក្រុងភ្នំពេញ និងក្រុងសៀមរាប ដែលត្រូវបានជ្រើសរើសជាបណ្ដាញទីក្រុងវៃឆ្លាតអាស៊ាន ដែលមានសមាជិកទីក្រុង ២៦ក្រុង ដើម្បីប្រែក្លាយទិជាក្រុងប្រកបបច្ចេកវិទ្យាទំនើប មានផាកសុខភាព មានសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ល្អ និងបរិស្ថានល្អ សម្រាប់ការរស់នៅ “។

ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តកំពុងតែអនុវត្តកិច្ចការងារមួយចំនួនដើម្បីឈានទៅក្លាយជាទីក្រុងវៃឆ្លាត។ កិច្ចការទាំងនោះមានដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ការរៀបចំប្រព័ន្ធលូ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។ ជាមួយគ្នានេះ ឯកឧត្តម បន្តទៀតថា ខេត្តក៏កំពុងតែរៀបចំសារមន្ទីរខេត្តបាត់ដំបងក្លាយជាសារមន្ទីរវៃឆ្លាតដែលអាចចូលទៅទស្សនា និងអាចស្តាប់ដឹងពីប្រវត្តិវត្ថុបូរាណនៅក្នុងសារមន្ទីរ ព្រមទាំងរៀបចំស្ទឹងសង្កែវៃឆ្លាតដែលកន្លែងដើរហាត់ប្រាណ មានចំណតរថយន្ត ប្រព័ន្ធ WiFi សាធារណៈ និងមានសួនច្បារជាដើម។

ឯកឧត្តមក៏បានបន្តទៀតថា ដើម្បីក្លាយជា ទីក្រុងឆ្លាតបាន ទាល់តែអស់សំរាមពីទីក្រុង យើងកំពុងតែសិក្សាធ្វើម៉េចឱ្យអស់សំរាម ជាមួយអ្នកជំនាញ ក្រសួងបរិស្ថាន បណ្តាអង្គការមួយចំនួន ដោយថ្ងៃក្រោយរដ្ឋបាលក្រុងនឹងរៀបចំឱ្យ App សម្រាប់គ្រប់គ្រងសេវាប្រមូលសំរាម និងមានធុងសំរាមវៃឆ្លាត។ ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនប្រទេសជប៉ុនបានបញ្ជូនអ្នកជំនាញមកកម្ពុជាដើម្បីសហការ និងជួយសិក្សាអំពីគម្រោងអភិវឌ្ឍនានានៅក្នុងខេត្តបាត់ដំបង៕

ប្រភព៖ ក្រសួងព័ត៌មាន