មន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា កម្ពុជាមានបំណុលសាធារណៈតិចជាងគេ ក្នុង​ចំណោមប្រទេសអាស៊ានទាំងអស់ បន្ទាប់ពីព្រុយណេ
សេដ្ឋកិច្ច January 26, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា កម្ពុជាមានបំណុលសាធារណៈតិច​ជាងគេ​បង្អស់ ដោយឈរនៅលំដាប់លេខ២ បន្ទាប់ពីប្រទេសព្រុយណេ ដែលជាប្រទេសមិនមាន​ការខ្ចីបំណុលពីបរទេស។ ការអះអាងរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ ក្នុងវេទិកា​សាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ឯកឧត្ដម វង្សី វិស្សុត បានថ្លែងថា បំណុលសាធារណៈរបស់កម្ពុជាគឺមានកម្រិតទាប ត្រឹមតែប្រមាណ ៣៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយបើប្រៀប​ធៀប​ជាមួយ​បណ្តាប្រទេសនៅអាស៊ាន កម្ពុជាស្ថិតក្នុងលំដាប់លេខ២ បន្ទាប់ពីព្រុយណេ។ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា៖ «ទិដ្ឋភាពរួមនៃការគ្រប់គ្រងថវិកាសេដ្ឋកិច្ច បំណុលរបស់កម្ពុជានៅតិចជាងគេទាំងអស់ នៅអាស៊ាននេះបំណុល​សាធារណៈរបស់យើងតិចជាងគេ បន្ទាប់ពីព្រុយណេ ព្រោះព្រុយណេ អត់មានខ្ចីលុយ​គេចាយទេ។ ប៉ុន្តែដកព្រុយណេចេញ ខ្មែរបំណុលទាបជាងគេទាំងអស់ បំណុលសម្រាប់​ពលរដ្ឋម្នាក់ៗក៏ទាបដែរ ប្រជាជនយើងម្នាក់ជំពាក់ប្រមាណ ៦០០ដុល្លារ»។

ឯកឧត្ដមបានលើកឡើងថា សម្រាប់ច្បាប់ថវិកាឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល​គ្រោង​ចំណាយថវិកាប្រមាណ ៩៦០០ លានដុល្លារ ក្នុងនោះចំណូលត្រូវរកចំណូល​ឱ្យ​បាន ៧២០០ លានដុល្លារ ខ្ចីបំណុលសាធារណៈចំនួន ១៨០០ លានដុល្លារ និងប្រើប្រាស់​ប្រាក់​សន្សំចំនួន ៦០០ លានដុល្លារ។ ទន្ទឹមនេះ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ​មន្ត្រី​បានឱ្យដឹងដែរថា ចំពោះថវិកាដែលកម្ពុជាគ្រោងខ្ចីពីបរទេស និងក្នុងស្រុក ចំនួន ១៨០០ លានដុល្លារ ក្នុងឆ្នាំ២០២៣ មានទំហំមិនស្មើនឹង២០ភាគរយ នៃចំណាយសរុប​ឆ្នាំ២០២៣​នោះទេ។ ឯកឧត្ដមបានបន្ដថា ពេលនោះកម្ពុជា ពឹងផ្អែកលើថវិកាពីខាងក្រៅរហូតដល់ ៧៥​ភាគរយ ប៉ុន្តែបច្ចុប្បន្នកម្ពុជា មានថវិកាចំណាយខ្លួនឯងរហូតដល់ ៨៣ភាគរយ ហើយ​ពឹងផ្អែកថវិកាពីខាងក្រៅតែ ១៧ភាគរយ ឬ១៨ភាគរយ ។ «កាលពីឆ្នាំ១៩៩៥ ថវិការបស់​យើងពឹងផ្អែកថវិកាពីខាងក្រៅ ២ភាគ៣ ហើយ​មានថវិកាដោយខ្លួនឯងតែ១ភាគ៣ទេ កាល​ពីជំនាន់ហ្នឹង។ ឥឡូវយើងមានខ្លួន​ឯង ៨៣​ភាគរយ»។ នេះជាការលើកឡើងបន្ថែម​របស់ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមឯកឧត្ដម វង្សី វិស្សុត បានឱ្យដឹងថា តួលេខនេះបង្ហាញថា បច្ចុប្បន្នកម្ពុជា​មានឯករាជ្យភាពខ្លួនឯង ហើយពឹង​ផ្អែកខ្លាំងលើចំណូលពន្ធដារច្រើនណាស់ គឺប្រភព​ចំណូលក្នុងស្រុក ដែលមាន​ការកើន​ឡើង កាត់បន្ថយនៃការពឹងផ្អែកថវិកាពីខាង​ក្រៅ​ប្រទេស។

​សូមជម្រាបជូនថា គិតត្រឹមបំណាច់ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈចំនួន ៩៩៧២,៥៩លានដុល្លារ ក្នុងនោះបំណុលក្រៅប្រទេស ៩ ៩៥៥,០៨លានដុល្លារ និង​បំណុល​ក្នុងស្រុក តាមរយៈការលក់មូលបត្របំណុលដែលមានជិត ២០លានដុល្លារ។

​ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់បន្ថែមថា៖ «ពីមុនយើងពឹងផ្អែកណាស់លើចំណូលគយ ពន្ធក្នុងស្រុកយើងទន់ខ្សោយណាស់ តាំងពីយើងចូលអាស៊ានមក ឆ្នាំ១៩៩៩ ពេលនោះ​ពន្ធ​​ខាង​ក្រៅយើងពឹង ៦៥ភាគរយ ក្នុង​ស្រុកយើងពឹង ៣៥ភាគរយ។ តែឥឡូវក្នុងស្រុក ​៨៩​ភាគរយ ខាងក្រៅតែ១១ភាគរយទេ។ នេះគឺ​ជាការផ្លាស់ប្ដូររចនាសម្ព័ន្ធពន្ធដាររបស់យើង ដែល​បង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ច និងមូលដ្ឋានពន្ធដាររបស់យើង»៕

ប្រភព៖ ក្រសួងព័ត៌មាន