សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាបានអនុញ្ញាតឱ្យធ្វើការ​វិនិ​យោគ ១០០% សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុង​ហូជីមិញ
សេដ្ឋកិច្ច January 25, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ប្រាប់​អ្នកវិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានមានប្រសាសន៍​ឱ្យ​ដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូវិនិយោគបារាំង ដឹកនាំដោយ ឯកឧត្តម អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅ​វិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តម អូលីវីយេ និងប្រតិភូ បានជម្រាបជូនសម្ដេចតេជោថា ប្រតិភូទាំងអស់គ្នាមានជំនឿលើការវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង ដោយឈរលើមូល​ហេតុ​ថា កម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យ ហើយបានបំបែកឯកត្តកម្មលើ ការជំរុញ​កំណើន​សេដ្ឋកិច្ចរយៈពេល២០ឆ្នាំ។ ជាមួយគ្នានេះ កម្ពុជាបន្តធ្វើការកំណែទម្រង់ បង្កបរិយាកាស​អំណោយផល សម្រាប់ការវិនិយោគនៅកម្ពុជា និងកម្ពុជាកំពុងមានអ្នកមានចំណូល​មធ្យម​ច្រើន។ ក្នុងន័យនេះ ប្រតិភូបារាំងសម្រេចធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគ​លើ​វិស័យ រថភ្លើងល្បឿនលឿន ដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស សំណង់ ថាមពល និងវិស័យដទៃទៀត និងស្នើសុំឈ្វេងយល់ពីសម្ដេចតេជោ ពីវិស័យវិនិយោគជាអាទិភាព​របស់កម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍និងបានជម្រាប​ជូនអ្នក​វិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែកពីរខ្សែ​ទៀត​ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យ​ឯកជន តាមរយៈ BOT។ ពាក់ព័ន្ធ នឹងថាមពលស្អាត សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាតប្រមាណជា ៦២ភាគរយ ហើយៗ កំពុងតែទាក់​ទាញ​វិនិយោគមកបន្ថែមទៀត។ ប៉ុន្តែមិនអនុម័តឱ្យបង្កើតរោងចក្រអគ្គិសនីប្រើ​ប្រាស់ធ្យូង​ថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។

ជាមួយគ្នានេះ កម្ពុជាកំពុងតែលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពលពន្លឺ​ព្រះ​អាទិត្យ។ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូបារាំង អំពីវិស័យវិនិយោគ​ជាអាទិភាព​របស់កម្ពុជាផងដែរ នោះគឺការជំរុញនយោបាយឧស្សាហកម្ម ជំរុញឱ្យមានការវិនិយោគ​លើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឱ្យការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ ដែលកម្ពុជាមានវត្ថុធាតុដើម ដូចជា ស្វាយចន្ទី កៅស៊ូ ដំឡូង ស្រូវ។ល។ សម្រាប់ធ្វើ​ការ​កែច្នៃមិនត្រឹមតែទៅកាន់ទីផ្សារកម្ពុជាទេ ប៉ុន្តែទៅកាន់ទីផ្សារដទៃទៀត ដែលជាដៃគូរបស់​កម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន