កិច្ចព្រមព្រៀងបី នឹងបង្កើនការទាក់ទាញគម្រោងវិនិយោគមកកម្ពុជា
សេដ្ឋកិច្ច January 23, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាកាតាលីករ ក្នុងការទាក់ទាញគម្រោងវិនិយោគឧស្សាហកម្មបន្ថែមចូលមកកម្ពុជា ។

ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត និងនវានុវត្តន៍ បានមានប្រសាសន៍នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ថា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម បានផ្តល់ឱ្យកម្ពុជានូវទីផ្សារនាំចេញកាន់តែធំ សម្រាប់ផលិតផលផលិតក្នុងស្រុក។ ឯកឧត្តម បន្តថា ទោះបីប្រឈមនឹងវិបត្តិជាសកល ដូចជា សង្រ្គាមនៅអ៊ុយក្រែន វិបត្តិថាមពល និងហិរញ្ញវត្ថុ កម្ពុជានៅតែមានមានសក្តានុពល និងលទ្ធភាពទាក់ទាញ វិនិយោគដោយសារកម្ពុជា គ្រប់គ្រងវិបត្តិសុខភាពសាធារណបានល្អប្រសើរ ធៀបនឹងប្រទេសក្នុងតំបន់។

ឯកឧត្តម ហេង សុគង់ បានថ្លែងបញ្ជាក់ថា “សម្រាប់២០២៣ យើងមានសុទិដ្ឋិនិយមខ្ពស់ ក្នុងទាក់ទាញវិនិយោគបន្ថែមទៀត ដោយសារកម្ពុជា មានសុខសន្តិភាព និងការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អប្រសើរ ដែលនាំទៅបើកសកម្មសង្គម សេដ្ឋកិច្ចពេញលេញ”។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅដើមឆ្នាំ២០២២ ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ចូលជាធរមាននៅខែធ្នូឆ្នាំ២០២២។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានយល់យើញ ថា ច្បាប់វិនិយោគថ្មីដែលរាជរដ្ឋាភិបាលទើបតែប្រកាសដាក់ឱ្យប្រើប្រាស់ បានចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគ។ លោកបានបញ្ជាក់ថា “ជាមួយនឹងច្បាប់ថ្មីស្តីពីការវិនិយោគ កម្ពុជាកំពុងទាក់ទាញការវិនិយោគថ្មីៗ ជាពិសេសពីបរទេស ខណៈដែលប្រទេសផ្សេងទៀតនៅតែកំពុងប្រឈមនឹងវិបត្តិ កូវីដ ១៩ នៅឡើយ”។

នៅឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រ សហគ្រាសថ្មី ចំនួន ១៨៦ រោងចក្រ ដែលធ្វើឱ្យចំនួនរោងចក្រសហគ្រាសសរុបនៅប្រទេសកើនដល់ ១ ៩៨២ រោងចក្រ។ នាឆ្នាំ២០២២ រោងចក្រសហគ្រាសកំពុងបើកដំណើរការ ចំនួន ១ ៩៨២ រោងចក្រ មានទុនវិនិយោគសរុប ១៦ ៦៩០ លានដុល្លារ កើនឡើងពី ១៣ ៨១១ លានដុល្លារក្នុងឆ្នាំ២០២១។

ប្រភព៖ ក្រសួងព័ត៌មាន