សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នឹងជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រចំនួន១លាន ៥សែននាក់ ក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ
សេដ្ឋកិច្ច January 23, 2023 Khmernote

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីគម្រោងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសប្រមាណ១លាន ៥សែននាក់ ក្នុងមួយឆ្នាំ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ប្រមាណជិត៧ពាន់នាក់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «យើងនឹងធ្វើនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយបានសេចក្ដីថា យើងនឹងរ៉ាប់រងសម្រាប់សិស្សបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចេញពីគ្រួសារក្រីក្រ គ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ។ យើងយកពួកគាត់ទៅបណ្ដុះបណ្ដាលមិនត្រឹមតែមិនបង់ថ្លៃទេ ក៏ប៉ុន្តែយើងផ្ដល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់ថែមទៀតមកធ្វើម៉េចបណ្ដុះបណ្ដាលធនធានមនុស្ស។បើយើងដោះស្រាយក្នុងរង្វង់មួយលានប្រាំសែននាក់នេះ ខ្ញុំគិតថាសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវធ្វើសមាហរណកម្មជាមួយនឹងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។»សម្ដេចតេជោបានថ្លែងថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើនដែល ចាំបាច់ត្រូវតែយកចិត្តទុកដាក់ធនធានមនុស្សដែលបម្រើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានច្រើន។ សម្ដេចតេជោបន្ដថា ដូច្នេះ១លាន ៥សែននាក់ដែលត្រូវបណ្ដុះបណ្ដាលក្នុងមួយឆ្នាំនៅពេលខាងមុខផ្ដល់ឱ្យពួកគេនូវជំនាញដែលទទួលបាននូវការវិនិយោគពីខាងក្រៅកាន់តែច្រើន ខណៈតម្រូវការមិនមែនត្រឹមតែកម្លាំងទេគឺទាមទារបច្ចេកទេសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កម្ពុជាមានសក្ដានុពលដោយមានមនុស្សវ័យក្មេងច្រើន ខណៈសមត្ថភាពនៅមានកម្រិត។ ដូច្នេះហើយបានជាសម្តេចដាក់ឱ្យគណៈកមា្មធិការគោលនយោបាយសេដ្ឋកិច្ចសិក្សាអំពីបញ្ហានេះ និងលទ្ធភាពនៃការដែលយើងជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យយុវជនក្រីក្រទទួលបានការបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេក៏ប៉ុន្តែយើងត្រូវផ្ដល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់បន្ថែមទៀត។

សម្ដេចតេជោបានអះអាងថា៖ «យើងត្រូវប្រមើលមើលនៃការអភិវឌ្ឍរបស់ប្រទេសដំណាក់កាលនៃឧស្សាហកម្ម ៤.០ ឬសេដ្ឋកិច្ចឌីជីថលទាមទារឱ្យមានការខិតខំទាំងអស់គ្នា»៕

(រូបតំណាង)

ប្រភព៖ ក្រសួងព័ត៌មាន