កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅ ៦៧ម៉ឺនតោន ទៅប្រទេស ៣នេះ ក្នុងឆ្នាំ២០២២
សេដ្ឋកិច្ច January 21, 2023 Khmernote

ស្វាយចន្ទី​ ជា​កសិផល​ដែល​បានផ្តល់​តម្លៃបន្ថែម​ខ្ពស់ រួមជាមួយ​ទស្សនវិស័យ​រយៈពេល​វែង​ពោលគឺ ប្រាក់ចំណូល​ពី​តម្រូវការ​សម្រាប់​ទំនិញ​ប្រណិត​ប្រភេទ​នេះ​មានការ​កើនឡើង​។​ នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់។ ជាមធ្យម ក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។

​តាម​ការប៉ាន់ស្មាន មាន​កសិករ​ចំនួន ២២,០០០ នាក់ ហើយ​មាន​ប្រជាជន​ប្រមាណ​ជា ៣៨,០០០ នាក់ កំពុង​បម្រើការ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ស្វាយចន្ទី បូករួម​ទាំង​កំលាំង​ពលកម្ម​ប្រចាំ​រដូវ​ផងដែរ​។ បច្ចុប្បន្ននេះ​ទិន្នផល​ស្វាយចន្ទី​ស្ទើរតែ​ទាំងអស់​ត្រូវបាន​នាំចេញ​ក្រោមរូបភាព​មិនទាន់​កែច្នៃ ប៉ុន្តែ​វា​អាច​នឹង​ផ្តល់​ការងារ​បន្ថែមចំនួន ១០,០០០ ទៀត​ប្រសិនបើ​ផលិតផល គ្រាប់ស្វាយចន្ទី​ឆៅ​ទូទាំងប្រទេស​កម្ពុជា​ត្រូវបាន​កែច្នៃ និង​វេច​ខ្ចប់​ក្នុងស្រុក (EIC២០០៧)​។

​ផលិតផល​គ្រាប់ស្វាយចន្ទី​ឆៅ​ក្នុង​ពិភពលោក មានការ​កើនឡើង​១២​ដង​ក្នុង​រយៈពេល ៥០​ឆ្នាំ​ចុង​ក្រោយនេះ​ពោលគឺ​ចាប់ពី​តិចជាង​៣០០,០០០​តោន​ក្នុង​ឆ្នាំ​១៩៦១ ដល់​៣,៧ លាន​តោន​ក្នុង​ឆ្នាំ​២០០៨។ ការដាំដុះ​មានការ​កើនឡើង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះហើយ​ផលិតផល​ស្ទើរតែ​កើនឡើង​ទ្វេដង​ពី​ឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារ​ការកើនឡើង ២៧​ភាគរយ​នូវ​ផ្ទៃដី​ដាំ​ដុះ​ក្នុង​ពិភពលោក ហើយ​ទិន្នផល​ជា​មធ្យម​ក្នុង​ពិភពលោក​កើនឡើង​ជាង ៥០​ភាគរយ។

នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានជាអាថិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនដែរ។

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ