អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានលើសផែនការ ២២% ក្នុងឆ្នាំ២០២២
សេដ្ឋកិច្ច January 20, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ៣ ៤៥៥ លានដុល្លារអាមេរិក លើសផែនការ ជាង ២២ ភាគរយ បើធៀបទៅនិងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងក្នុងកម្មវិធីផ្សាយពិសេស ស្តីពីពន្ធលើប្រាក់ចំណូល និងការផ្តល់សេវារបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣ នេះថា នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ ស្ថានភាពនៃជំងឺកូវីដ១៩ នៅតែកើតមានឡើង ជាពិសេសការផ្ទុះនៃសង្គ្រាមរុស្សីនិងអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ទៅលើសេដ្ឋកិច្ចពិភពលោក និងបានធ្វើឲ្យអតិផរណាកើនឡើងខ្ពស់ ជាពិសេសការប៉ះពាល់លើវិស័យស្បៀង និងម្ហូបអាហារជាដើម ដោយបានរុញច្រានកំណើនសេដ្ឋកិច្ចពិភពលោកមានការថយចុះ។

ឯកឧត្តមមានប្រសាសន៍ថា “ទោះបីនៅក្នុងការលំបាកនេះ ចំពោះការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ គឺអគ្គនាយកដ្ឋានពន្ធដារ បានឆ្លងផុតនៃវិបត្តិទាំងនេះ គឺបានប្រមូលចំណូពន្ធដារ និងអាករគ្រប់ប្រភេទទទួល បានលទ្ធផលល្អ ដោយលើសផែនការដែលកំណត់ដោយច្បាប់ប្រមាណជាង ២២ ភាគរយ” ។

ប្រភព៖ ក្រសួងព័ត៌មាន