ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងសាងសង់អាកាសយានដ្ឋានអន្តរជាតិតម្លៃ ៣០០លានដុល្លារនៅលើកោះរ៉ុង
សេដ្ឋកិច្ច January 18, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចាប់ផ្តើមការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិនៅលើកោះរ៉ុង ខេត្តព្រះសីហុន ដោយចំណាយពេលសាងសង់៥ឆ្នាំ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (ប្រភេទ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ ៣០០ លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ។

ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើនេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ គម្រោងអភិវឌ្ឍនេះ ស្ថិតក្រោមក្របខណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នានឹងការវិនិយោគរបស់ក្រុមហ៊ុន យ៉ូញៀន (UDG) នៅតំបន់តារាសាគរ ពោលគឺការវិនិយោគឯកជន១០០ភាគរយ សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង។

ឯកឧត្តម មានប្រសាសន៍ថា “គម្រោងនេះ មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ ផែនការ គោលនយោបាយ និងទិសដៅយុទ្ធសាស្រ្ត អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល”។

សូមរលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ធម្មជាតិ រួមទាំងអាកាសយានដ្ឋានផងដែរ។

នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិថ្មីនេះសាងសង់រួចរាល់ នៅទូទាំងតំបន់ឆ្នេរកម្ពុជាដែលសណ្តូកពីខេត្តព្រះសីហនុ កោះកុង កំពត និង កែប ដែលមានប្រវែងសរុប ៤៣៥ គម នឹងមាន អាកាសយានដ្ឋានអន្តរជាតិ៣ ដោយទីមួយ គឺអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅកោះកុង ដែលបានសាងសង់រួចសឹងតែស្ថាពរហើយរង់ចាំការហោះសាកល្បង។

ប្រភព៖ ក្រសួងព័ត៌មាន