ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានគម្រោងរោងចក្រថ្មីជិត ២០០រោងចក្រ
សេដ្ឋកិច្ច January 18, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួង ព័ត៌មាន បានឱ្យដឹងថា ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រថ្មីចំនួន ១៨៦ ក្នុងឆ្នាំ ២០២២ ដែលនាំឱ្យចំនួនរោងចក្រនៅកម្ពុជាកើនដល់ ១,៩៨២ រោងចក្រ។

ជាមួយ​គ្នានេះដែរ រោងចក្រចំនួន ១,៩៨២ មានតម្លៃវិនិយោគសរុប ១៦,៦៩០ លានដុល្លារអាមេរិក កើនឡើងពី ១៣,៨១១ លានដុល្លារក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍របស់ក្រសួង។ ប្រភពដដែលបានបន្ថែមថា ក្នុងឆ្នាំ២០២២ រោងចក្រចំនួន ៨៣ត្រូវបានបិទ ពោលគឺធ្លាក់ចុះពី ១៤៣ឆ្នាំមុន។

លោក ហេង សុខឃាង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបានមានប្រសាសន៍នៅថ្ងៃទី១៧ ខែមករា ថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃជំងឺរាតត្បាត Covid-19 របស់រាជរដ្ឋាភិបាល គឺជាគន្លឹះក្នុងការកសាងទំនុកចិត្តក្នុងចំណោមអ្នកវិនិយោគក្នុងប្រទេស។

“នៅក្នុងប្រទេសកម្ពុជា យើងឃើញថាយើងអាចគ្រប់គ្រង និងរស់នៅបានប្រសើរជាមួយ Covid-19 ដែលអនុញ្ញាតឱ្យយើងដំណើរការឡើងវិញនូវរាល់សកម្មភាពសេដ្ឋកិច្ច-សង្គម។ ជា​ឧទាហរណ៍ រោងចក្រ​នៅ​ឆ្នាំ​២០២២ មាន​ការ​កើន​ឡើង​ទាំង​ចំនួន និង​តម្លៃ​នៃ​ការ​វិនិយោគ”៕

ប្រភព៖ ក្រសួងព័ត៌មាន